ដោយ: សុផានីតា / កោះកុង: រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងអាជ្ញាធរឃុំមូលមតិគ្នាបុកអណ្តូងមួយកន្លែងជម្រៅជាង៤០ម៉ែត្រចុះទៅក្រោមដី ព្រមទាំងបំពាក់ម៉ូទ័របូមទឹក ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខ។
ច្បាស់ណាស់ថា រដូវប្រាំងនឹងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ រដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរមូលដ្ឋាន បានជួលក្រុមហ៊ុនឯកជនបុកអណ្តូងជម្រៅ៤០ម៉ែត្រតម្លៃ១៣០០ដុល្លារ តបណ្តាញទុយោទឹក ធុងទឹកចំណុះ៥០០០លីត្រ និងបំពាក់ម៉ូទ័រ១គ្រឿងតម្លៃ២៥០០ដុល្លារនៅក្នុងបរិវេនអគារដ្ឋបាលស្រុក។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ព្រោះតែមានការជូនដំណឹងរបស់រាជរដ្ឋាភិបាល និងក្រសួងធនធានទឹកអំពីការគំរាមកំហែងគ្រោះរាំងស្ងួតឆ្នាំនេះនៅរដូវប្រាំងដែលធ្វើឱ្យក្របខណ្ឌស្ទើរតែទូទាំងប្រទេសជួបប្រទះការខ្វះទឹកប្រើ ទើបលោកនឹងអាជ្ញាធររៀបចំបុកអណ្តូងនេះឡើង សម្រាប់ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងទីរួមស្រុកមិនគិតថ្លៃអ្វីឡើយ។
លោកអភិបាលស្រុកបូទុមសាគរ បន្ថែមថា ចំពោះគុណភាពទឹកវិញ មានសភាពថ្លៃល្អ ប្រើការបានតាមតម្រូវការ។ បច្ចុប្បន្ន លោក និងអាជ្ញាធរមូលដ្ឋាន ក៏កំពុងតាមដានពិនិត្យមើល ក៏ដូចជាស្វែងរកប្រភពទឹកសាបបន្ថែម ដើម្បីដោះស្រាយរក្សាទឹកទុក និងបូមចែកជូនពលរដ្ឋនៅពេលខ្វះខាតខ្លាំង។ ទោះយ៉ាងណា ក៏លោកអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ ជៀសងការប្រើប្រាស់ខ្ជះខ្ជាយ។
ចំណែកលោក ឃៀង យិង មេឃុំអណ្តូងទឹក បានប្រាប់ដែរថា សព្វថ្ងៃនេះ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់លោកនៅមិនទាន់មានការជួបខ្វះខាតទឹកប្រើប្រាស់នោះទេ ដោយប្រជាពលរដ្ឋ និងអាជីវករប្រើប្រាស់ទឹករបស់ក្រុមហ៊ុនទឹក ក៏ដូចជាអណ្តូងដែលជីកតាមផ្ទះបានជាធម្មតា។ ករណីបើកង្វះខាត អាជ្ញាធរស្រុក និងផ្ទះរបស់លោក បានត្រៀមបង្ការមានជាអណ្តូងទឹក និងធុងស្តុកទឹកប្រមាណ៥០០០ទៅ៦០០០លីត្រទុកចែកជូនពលរដ្ឋ។
បើតាមលោកមេឃុំអណ្តូងទឹក រដូវប្រាំងម្តង នៅមូលដ្ឋានមិនសូវជាចោទបញ្ហាខ្វះខាតខ្លាំងក្លាអ្វីទេ គ្រាប្រភពទឹកសាបមានទឹកសមល្មម ប៉ុន្តែក៏ចាំបាច់គិតគូរយកចិត្តទុកដោះស្រាយតបតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល និងលោកស្រីអភិបាលខេត្តកោះកុង។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC ធ្លាប់បានអះអាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថា ប្រទេសកម្ពុជា និងថៃ នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនោះរហូតដល់ខែមករា ឆ្នាំ២០២០ខាងមុខ ធ្វើឲ្យប៉ះពាល់ដល់ផលដំណាំផ្សេងៗ ដោយសារកង្វះខាតប្រើប្រាស់ និងទឹកស្រោចស្រពដាំណាំកសិកម្ម។ ដោយតំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមរងផលប៉ះពាល់នៃគ្រោះរាំងស្ងួត ក្នុងសភាពកាន់តែធ្ងន់ធ្ងរឡើងចាប់ពីខែធ្នូ រហូត ដល់ខែមករា ឆ្នាំ២០២០ ព្រោះតែនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀង៕ ល