ខេត្តហ៊ូប៉ី ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសលើពិភពលោកបច្ចុប្បន្ន បានបណ្តេញលេខាបក្សនិងនាយកនៃគណៈកម្មាធិការសុខាភិបាលខេត្ត ចំពេលមានការរិះគន់ពីសាធារណជនជាទូទៅលើការដោះស្រាយរបស់អាជ្ញាធរចំពោះការឆ្លងរាលដាលនេះ។
អង្គការប្រឆាំងអំពើពុករលួយរបស់ចិន បាននិយាយថា ប្រធានគណៈកម្មាធិការសុខាភិបាលខេត្តហ៊ូប៉ី លោកចាង ជីន និងនាយកគណៈកម្មាធិការលោកស្រី លីវ យីងហ្ស៊ី ត្រូវបានដកចេញពីតំណែង ដោយសារហេតុផលដែលមិនត្រូវបានបញ្ជាក់ ។
រដ្ឋាភិបាលកណ្តាលនៅក្រុងប៉េកាំងក៏បានអំពាវនាវឲ្យសាធារណជនរាយការណ៍អំពីការធ្វេសប្រហែសការងារណាមួយរបស់មន្ត្រីមូលដ្ឋាន និងបានគំរាមបណ្តេញចោលមន្ត្រីណាដែលត្រូវបានរកឃើញថាគេចវេះពីការទទួលខុសត្រូវរបស់គេ។
មន្ត្រីសុខាភិបាលថ្នាក់ទាបរាប់សិបនាក់នៅទូទាំងប្រទេសចិន ក៏ត្រូវបានដកតំណែងដោយសារតែបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលវីរុសឆ្លងដែលបានចាប់ផ្តើមចេញពីផ្សារលក់សត្វព្រៃខុសច្បាប់មួយនៅក្រុងវូហាននៃខេត្តហ៊ូប៉ីកាលពីចុងឆ្នាំមុន ហើយមកទល់ឥឡូវវាបានសម្លាប់មនុស្សជាង១ពាន់នាក់ហើយ។
អាជ្ញាធរក្រុងវូហាននិងខេត្តហ៊ូប៉ី ត្រូវបានស្តីបន្ទោសខ្លាំងជាងគេតាមបណ្តាញសង្គម ចំពោះបរាជ័យក្នុងការទប់ស្កាត់វីរុសនៅដំណាក់កាលដំបូងកាលពីខែធ្នូឆ្នាំ២០១៩ ឬក៏មិនបានរាយការណ៍វាទៅកាន់ថ្នាក់លើ។អភិបាលខេត្តហ៊ូប៉ី និងអភិបាលក្រុងវូហាន ក៏រងការរិះគន់មិនធម្មតាដែរ។
រដ្ឋាភិបាលក្រុងនេះក៏រងការរិះគន់ខ្លាំងចំពោះការប្រព្រឹត្តលើបុគ្គលិកពេទ្យ៨នាក់ រួមមានវេជ្ជបណ្ឌិត លី វេនលៀង ដែលបានស្លាប់ដោយកូរ៉ូណាវីរុសកាលពីសប្តាហ៍មុន។ពួកគេបានព្រមានអំពីគ្រោះថ្នាក់នៃកូរ៉ូណាវីរុសមុនដំបូងគេ តែបែរជាត្រូវប៉ូលិសបានហៅទៅព្រមានចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាម។
ក្រោយការរិះគន់ពីសាធារណជន អង្គការប្រឆាំងអំពើពុករលួយរបស់បក្សបានបញ្ជូនក្រុមមួយទៅកាន់ក្រុងវូហានដើម្បីស៊ើបអង្កេតករណីលោកលី វេនលៀង ហើយមន្ត្រីការទូតចិនបន្ទោសករណីនេះលើរដ្ឋាភិបាលមូលដ្ឋាន៕ដោយ៖វាសនា/Ha
លោកចាង ជីន(ឆ្វេង) និងលោកស្រី លីវ យីងហ្ស៊ី ត្រូវបានដកចេញពីតំណែង បន្ទាប់ពីក្រុមប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេត