លើកលែងពន្ធគយនិងពន្ធដារ​សម្រាប់​សហគ្រាសធុនតូច និង​មធ្យមទាំងឡាយណាបំពេញបាន ​នូវល័ក្ខខ័ណ្ឌមួយចំនួន​

ដោយ:គង់ហេង/កំពង់ចាម ៖ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជន សម្រាប់សហគ្រាសធុនតូច និងមធ្យមទាំងឡាយណា ដែលបានបំពេញនូវល័ក្ខខ័ណ្ឌមួយចំនួន ស្ថិតក្នុងវិស័យអាទិភាព នឹងត្រូវទទួលបានការលើកទឹកចិត្ត គឺលើកលែងផ្នែកពន្ធគយ និងផ្នែកពន្ធដារ។

នេះជាការថ្លែងរបស់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកររកម្ពុជា នៅក្នុងជំនួបជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣០០ នាក់។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅសណ្ឋាគារអិលប៊ីអ៊ិនអាស៊ាន ក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២០។

លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ក្នុងនោះផ្នែកគយ គឺលើកលែងពន្ធគយលើសម្ភារ:បរិក្ខាផលិតកម្ម សម្ភារ:សំណង់ និងធាតុចូលផលិតកម្ម ដូចមាន​ចែងក្នុងអនុក្រឹត្យលេខ ៥០ អនក្រ.បក។ ផ្នែកពន្ធដារ គឺលើកលែងពន្ធលើប្រាក់ចំណូល ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា និងលើកទឹកចិត្តចំណាយដែលអាចកាត់កងបានដូចមានចែងក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក។

លោក គុណ ញឹម បានមានប្រសាសន៍ទៀតថា សហគ្រាសធុនតូច និងមធ្យមទាំង​ឡាយ​ណាដែលបំពេញនូវល័ក្ខខ័ណ្ឌ និងស្ថិតក្នុងវិស័យអាទិភាពរួមមាន: សហគ្រាសផលិត និងផ្គត់ផ្គងទឹកស្អាត, ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, កម្មន្តសាលផលិតទំនិញបម្រើឳ្យការនាំចេញ, កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឳ្យកម្មន្តសាលដទៃទៀត, ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិជ្ជាព័ត៌មានដែលមានលក្ខណ:នវានុវត្តន៍ និងអ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមនោះ។

លោកបានមានប្រសាសន៍បន្តថា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តការលើកទឹកចិត្តលើកការលើកលែងពន្ធនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់នូវល័ក្ខខ័ណ្ឌ ទម្រង់ នីតិវិធីយន្តការ នៃការផ្តល់ និងការតាមដានត្រួតពិនិត្យការលើកទឹកចិត្តដល់សហគ្រាសខាងលើ ដោយឳ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្កើតជាអង្គភាពគ្រប់គ្រងនៅតាមសាខាគយ និងរដ្ឋាកររាជធានី ខេត្តទាំងអស់។ ដើម្បីទទួលសំណើសុំគោលការណ៍លើកទឹកចិត្តផ្នែកគយ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងនីតិវិធីស្នើសុំ និងអនុវត្តលើបញ្ហានេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular