លោកស្រី មិថុនា ភូថង រំពឹងថារចនា​សម្ព័ន្ធថ្មីក្រុងស្រុកកាន់តែពន្លឿនអភិវឌ្ឍន៍មូលដ្ឋានបន្ថែម

ដោយ:សុផានីតា/កោះកុង ៖ លោកស្រីអភិបាលខេត្តកោះកុង បានចាត់ទុកការកែទម្រង់រចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុងស្រុកបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិថា ជាកោសិកាដ៏ល្អប្រសើរថ្មីមួយទៀត សម្រាប់យន្តការជំរុញល្បឿនអភិវឌ្ឍន៍លើគ្រប់វិស័យនានា និងផ្តល់សេវាសាធារណៈជូនពលរដ្ខកាន់តែមានប្រសិទ្ធិភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញភាពជឿជាក់ក្នុងចិត្តថា ការធ្វើសមាហរកម្មរចនាសម្ព័ន្ធថ្មីក្រុងស្រុក ជាកោសិការរស់ថ្មីមួយដែលអាចអនុវត្តតួនាទីភារកិច្ចកាន់តែលឿនឆាប់រហ័ស សម្រាប់ការអភិវឌ្ឍន៍លើវិស័យនានាជូនប្រជាពលរដ្ឋដែលកំពុងតែមានសេចក្តីការចង់បានប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។

ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ធ័ន្ធថ្មីរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ លោកស្រីអភិបាលខេត្ត បន្ថែមទៀតថា ខណៈមានតម្រូវការសេវាសាធារណៈចាំបាច់បំផុតពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កិច្ចការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងស្រុកបែបវិមជ្ឈការ និងសហវិមជ្ឈការ ដើរតួនាទីយ៉ាងសំខាន់លើការធានាបានថា រាល់ដំណើរការចាត់ចែងគម្រោងផែនការអភិវឌ្ឍន៍កាន់តែប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាព។

តាមលោកស្រី មិថុនា ភូថង អ្វីដែលគួរឱ្យសាទរនោះ គឺមូលនិធិថវិកាឃុំសង្កាត់ឆ្នាំ២០២០ គឺកើនឡើងច្រើនទ្វេរដងជាងឆ្នាំណាៗទាំងអស់ ពោលគឺចាប់ពី៨ម៉ឺនដុល្លារដល់ទៅ ១២ម៉ឺនដុល្លារទៅតាមស្ថានភាពទំហំផ្ទៃដី និងចំនួនប្រជាពលរដ្ឋរស់នៅដែលមានសេចក្តីត្រូវការ។ ទោះយ៉ាងណា លោកស្រីកាន់តែរំពឹងទុកថា រដ្ឋបាលក្រុងស្រុកអាចនឹងយកទៅគ្រប់គ្រងអនុវត្តបានល្អហើយ ប្រសិនបើការអនុវត្តទៅមានភាពចន្លោះ ឬមានកម្រិត រដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបន្តដាក់គោលការណ៍ណែនាំបន្ថែមទៀតផងដែរ។

ទាក់ទិននឹងការផ្ទេរការិយាល័យជំនាញមកឲ្យរដ្ឋបាលក្រុងគ្រប់គ្រងនេះដែរ ត្រូវបានលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លើកឡើងថា លោកពិតជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីដឹកនាំអនុវត្តមន្រ្តីការិយាល័យជំនាញដែលបញ្ចូលជាសមាហរកម្មថ្មីទៅតាមបែបផែនដែលរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបញ្ចូនមកឲ្យ។

លើសពីនេះទៀត លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ប្តេជ្ញាចិត្តយកអស់កម្លាំងចិត្តដឹកនាំ និងអនុវត្តមុខងារតួនាទីទៅសេចក្តីសម្រេចគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្នុងគោលបំណងសំដៅធានាបានការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោក ឈេង សុវណ្ណដា៖ «ជាគោលការណ៍បណ្តោះអាសន្ន មន្រ្តីការិយាល័យទាំងនោះ អាចបន្តបម្រើការងារនៅកន្លែងការងារចាស់សិន ដោយរង់ចាំបង្កើតការិយាល័យថ្មីឬយ៉ាង​ណានេះជាទិសដៅចំណុចផ្តើមអនុវត្ត ក៏ដូចជាសុំគោលការណ៍ពីប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត»។

ប្រទេសកម្ពុជា បានផ្តើមអនុវត្តកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ អនុវត្តនៅថ្នាក់ឃុំ សង្កាត់ នៅឆ្នាំ២០០២ ស៊ីជម្រៅលើការអនុវត្តតាមគោលនយោបាយលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិកំណត់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៩មក។

គួរជម្រាបថា ការដឹកនាំគ្រប់គ្រង អភិវឌ្ឍមូលដ្ឋាន ការបម្រើសេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ រួមជាមួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ គឺជាការរួមចំណែកយ៉ាងសំខាន់យ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យសេដ្ឋកិច្ច និងសង្គម មានភាពរីកចម្រើនឆាប់រហ័ស គ្រាដែរកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់មធ្យមក្នុងរង្វង់ ៧%ជារៀងរាល់ឆ្នាំ នាកំឡុងពេល២ទសវត្សន៍កន្លងមកនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...