ព្យាយាមបើកម៉ូតូជែងអ្នកខាងមុខបណ្តាលឲ្យប៉ះគ្នាដួលបោកក្បាលស្លាប់

189
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីដួលបោកក្បាលទៅលើថ្នល់ ចំណែកភាគីម្ខាងទៀតរងរបួសស្រាលដោយសារម៉ូតូពីរគ្រឿងកៀរ និងគ្នារួចដួលរៀងៗខ្លួនកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងទឹកដីភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

លោកវរសេនីយ៍ទោស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាបុរសដែលបាត់បង់ជីវិតក្នុងករណីខាងលើឈ្មោះ នាក់ ក្ដិប អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត។

ចំណែកអ្នករងរបួសឈ្មោះសួង សុថី ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសេនីយ៍បានរៀបរាប់ថាកាលពី ម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយម៉ូតូពីរគ្រឿងបានបើកកៀរគ្នានៅលើកំណាត់ផ្លូវាតិលេខ៣៣ ក្នុងភូមិសាស្ត្រភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ ហេតុការណ៍នេះបានបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត និងស្ត្រីម្នាក់ទៀតរងរបួស្រាល។ មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៩ បើកមកពីទិសខាងកើត។ លុះដល់ចំណុចកើតហេតុ បុរសរូបនោះបានព្យាយាមបើកជែកម៉ូតូម៉ាកសេ១០០កូរ៉េរបស់ស្ត្រីម្នាក់កំពុងបើកពីមុខ។ ជាចៃដន្យម៉ូតូហុងដាបានកៀរប៉ះឈ្នាន់ម៉ូតូសេ១០០កូរ៉េ បណ្តាលឱ្យដួលរៀងៗខ្លួនដោយបុរសម្ចាស់ម៉ូតូហុងដា បានបោកក្បាលពេញទំហឹងទៅលើថ្នល់។

លោកវរសេនីយ៍បានបញ្ជាក់ថា នៅពេលអ្នកជិតខាង ចូលទៅជួយស្រាប់តែឃើញបុរសរូបនោះបាត់បង់ជីវិតភ្លាមៗ ជាមួយនឹងឈាមហូរជោកពេញលើផ្លូវ។ ចំណែកស្ត្រីភាគីម៉ូតូម្ខាងទៀតរងរបួសស្រាល៕B/