មនុស្សជាង១០០នាក់ត្រូវបានជម្លៀសចេញពីប្លុកអាគារកំពស់៣៥ជាន់មួយកាលពីថ្ងៃអង្គារទី១១កុម្ភៈ បន្ទាប់ពីអ្នករស់នៅក្នុងអាគារនេះ២នាក់នៅបន្ទប់ផ្សេងគ្នាត្រូវបានធ្វើតេស្តរកឃើញកូរ៉ូណាវីរុសនៅក្នុងខ្លួនរបស់ពួកគេ។
អ្នករស់នៅក្នុងប្លុកអាគារខុនដូត្រូវបានបង្ខំអោយចាកចេញនៅព្រឹកថ្ងៃអង្គារ នៅពេលមន្ត្រីសុខាភិបាល ពាក់ម៉ាស់មុខនិងសម្លៀកបំពាក់ពេទ្យពណ៌ស បានចូលធ្វើការដើម្បីអោយដឹងថា វីរុសបានឆ្លងទៅកាន់មនុស្សប្រមាណ៣.០០០នាក់នៅក្នុងអាគារនេះដែរឬអត់។
សូមបញ្ជាក់ថា ហុងកុងកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់អំពីការឆ្លងរាលដាលធំណាមួយ ជាពិសេសនៅក្នុងប្លុកអាគារខ្ពស់ៗដែលមានមនុស្សរស់នៅផ្តុំគ្នាច្រើន។បច្ចុប្បន្ន ហុងកុងបានអះអាងថាបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស៤២នាក់ និងម្នាក់បានស្លាប់។
សូមរំលឹកថា កាលពីហុងកុងជួបការផ្ទុះជម្ងឺរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់ (SARS)កាលពី១៧ឆ្នាំមុន មនុស្ស២៩៩នាក់បានបាត់បង់ជីវិតពីវីរុសដែលស្រដៀងគ្នានឹងកូរ៉ូណាវីរុសបច្ចុប្បន្ន ក្នុងនេះមនុស្ស៤២នាក់បានស្លាប់តែក្នុងមួយប្លុកអាគារដែលមានអ្នកឆ្លងប្រមាណ៣០០នាក់។
ពួកមន្ត្រីបាននិយាយថា ការរើទីលំនៅអ្នករស់ក្នុងអាគារក្នុងសង្កាត់ឈីង យី កាលពីថ្ងៃអង្គារជាវិធានការបង្ការទុកជាមុនមួយបន្ទាប់ពីស្ត្រីវ័យ៦២ឆ្នាំម្នាក់ នៅជាន់ទី៣ត្រូវបានគេរកឃើញមានផ្ទុកវីរុស។ស្ត្រីរូបនេះរស់នៅ១០ជាន់ក្រោមបន្ទប់របស់បុរសម្នាក់ដែលក៏ផ្ទុកកូរ៉ូណាវីរុសដែរ។
បើតាមមន្ត្រីសុខាភិបាលហុងកុង ក្នុងចំណោមអ្នកត្រូវជម្លៀសចេញមាន៤នាក់បង្ហាញរោគសញ្ញាដូចឆ្លងកូរ៉ូណាវីរុស៕ប្រែសម្រួល៖វាសនា

អ្នករស់នៅក្នុងប្លុកអាគារត្រូវបាននាំចេញយកទៅដាក់នៅដាច់ពីគេក្នុងជំរំចត្តាឡូស័ក បន្ទាប់ពីមនុស្ស២នាក់ក្នុងអាគារត្រូវបានរកឃើញមានផ្ទុកវីរុស