Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​អាក...

ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​លុបចោល​ជើងហោះហើរ​ទៅ​តៃវ៉ាន់​ដោយសារ​ការភ័យខ្លាច​កូរ៉ូ​ណាវី​រុស​

​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ខែ​កុម្ភៈ​បាន​ទទូច​ដល់​ប្រទេស​ហ្វីលីពីន​ឱ្យ​ដក​បម្រាម​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​របស់​ខ្លួន​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​​បាន​លុបចោល​ជើងហោះហើរ​ទៅ​តៃវ៉ាន់ ដោយសារ​មាន​ការហាមឃាត់​របស់​រដ្ឋាភិបាល​លើ​ជន​បរទេស​ទាំងអស់​ដែល​ធ្វើដំណើរ​ពី​កោះ​តៃវ៉ាន់​មិន​អោយ​ចូល​​ហ្វីលីពីន​ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​នេះ​។​

​មន្ត្រី​តៃវ៉ាន់ បាន​ធ្វើ​អត្ថាធិប្បាយ​ដូចនេះ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​តៃប៉ិ​ដោយ​បន្ថែម​ថា​អ្នក​កោះ​តៃវ៉ាន់​មួយចំនួន​បាន​ជាប់​នៅតាម​អាកាស​​យានដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​បន្ទាប់ពី​ហ្វីលីពីន​ចេញ​ការហាមឃាត់​កាលពីដើម​សប្តាហ៍​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​(PAL) និង​ក្រុមហ៊ុន​អាកាសចរណ៍ Cebu Pacific បាន​និយាយថា ពួកគេ​លុបចោល​ជើងហោះហើរ​ទៅ​និង​មក​ពី​កោះ​តៃវ៉ាន់​​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ពី​ឆ្លង​រាលដាល​នៃ​វីរុស​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ PAL បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​រឹតត្បិត​ទាំងនេះ​គឺ​ទាក់ទង​នឹង​ស្ថានភាព​ជំងឺឆ្លង​នេះ​ដើម្បី​​ផលប្រយោជន៍​សុខភាព​និង​សុវត្ថិភាព​សាធារណៈ​”​។​

​ការិយាល័យ​អន្តោប្រវេសន៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​កុម្ភៈ​ថា​ការហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​នឹង​ត្រូវ​អនុ​​វត្ត​តាម​នីតិវិធី​ដូចគ្នា​ទៅ​នឹង​ការ​ដាក់​កម្រិត​តឹងរឹង​ដែល​បាន​ប្រកាស​កាលពី​មុន​ដែល​បាន​គ្របដណ្តប់​លើ​ប្រទេស​ចិន​និង​តំបន់​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង​​និង​ម៉ា​កាវ​៕ដោយ៖សុខា/sn

ស្ត្រី​ម្នាក់​រង់ចាំ​បន្ទាប់​ពី​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង​ជិះ​យន្តហោះ​នៃ​ជើងហោះហើរ​មួយ​ទៅ​ក្រុង​ហុងកុង នៅ​អាកាសយានដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃទី​៥​ខែ​កុម្ភៈ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular