ក្រុមមន្ត្រីហុងកុងនិយាយថា សមាជិក៩នាក់នៃគ្រួសារមួយនៅហុងកុងបានឆ្លងវីរុសកូរ៉ូណា ក្រោយទទួលទានស៊ុបឆ្នាំងដីជាមួយគ្នា។

កាលពីថ្ងៃអាទិត្យទី៩កុម្ភៈ ហុងកុងបានប្រកាសករណីថ្មីចំនួន១០នៃអ្នកឆ្លងវីរុសកូរ៉ូណា ដែលឥឡូវបានឆ្លងដល់មនុស្សជាង ៤០.៦០០ នាក់ និង សម្លាប់មនុស្សជាង ១.០០០ នាក់នៅជុំវិញពិភពលោក។

កាសែត South China Morning Post បានរាយការណ៍ថា សមាជិកគ្រួសារទាំងអស់លើកលែងម្នាក់គត់ បានទទួលទានអាហារជាមួយគ្នារាល់ថ្ងៃក្នុងអំឡុង២សប្តាហ៍ចុងក្រោយ។

សាច់ញាតិទាំង៩នាក់ និង អ្នកទី១០ដែលមិនទាក់ទងជាមួយគ្រួសារនេះ ត្រូវបានបញ្ជាក់ថាឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃអាទិត្យ ដោយនាំឱ្យចំនួនអ្នកឆ្លងសរុបនៅហុងកុងកើនឡើងដល់ ៣៦ នាក់។

នៅថ្ងៃទី២៦មករា សមាជិក១៩នាក់នៃគ្រួសារចិនមួយបានជួបជុំនៅហុងកុងដើម្បីញ៉ាំអាហារជាមួយគ្នាក្នុងការជួបជុំដ៏សប្បាយរីករាយ។ ពីរនាក់ក្នុងចំណោមនោះទើបធ្វើដំណើរមកពីចិនដីគោក។

នៅពេលក្រុមគ្រួសារនេះទទួលទានស៊ុបជុំគ្នានៅសង្កាត់ក្វុនតុង គ្រប់គ្នាហាក់មានសុខភាពល្អ ឬប្រហែលមានរោគសញ្ញាតិចតួចនៃវីរុសកូរ៉ូណា។ ប៉ុន្តែក្រោយទទួលទានអាហាររួច មនុស្សជាច្រើនបានបង្ហាញរោគសញ្ញាច្បាស់ឡើងនៃការឆ្លងវីរុសកូរ៉ូណា។

គិតត្រឹមថ្ងៃសៅរ៍ បុរសអាយុ២២ឆ្នាំក្នុងគ្រួសារ និង ជីដូនរបស់គាត់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូរ៉ូណា។ នៅល្ងាចថ្ងៃដដែលនោះ សាច់ញាតិ៧នាក់ទៀតបានធ្វើតេស្តឃើញវីរុសកូរ៉ូណាដូចគ្នា។

យោងតាមកាសែត South China Morning Post សមាជិកគ្រួសារ៩នាក់ ដែលឆ្លងវីរុសកូរ៉ូណាគឺមានដូចជា ឪពុកម្តាយរបស់​បុរសអាយុ២២ឆ្នាំនោះ ម្តាយមីង២នាក់របស់បុរសនោះ និងក្មួយ៣នាក់ទៀត៕ ដោយ៖ កញ្ញាដាលីស

សមាជិក៩នាក់នៃគ្រួសារមួយនៅហុងកុងបានឆ្លងវីរុសកូរ៉ូណា ក្រោយទទួលទានស៊ុបឆ្នាំងដីជាមួយគ្នា