ការងារសំខាន់ៗនិងស្នាដៃធំៗលេច​​ធ្លោជាងគេដែលមន្ទីរសាធារណការ​​ខេត្ត,ព្រះវិហារសម្រេចបានក្នុងឆ្នាំ​​២០១៩

ដោយ:រ៉ាម៉ន/ព្រះវិហារ ៖ ខេត្តព្រះវិហារជាខេត្តមួយនៅជាប់ព្រំដែនប្រទេសថៃ និងប្រទេសឡាវហើយនៅដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញក៏ពិតមែន តែក្នុងរយៈពេលចុងក្រោយនេះទោះបីមានការអភិវឌ្ឍក្រោយគេក៏ពិតមែន តែមកដល់ពេលនេះគេឃើញខេត្តព្រះវិហារមានការអភិវឌ្ឍលឿនមែនទែនគួរឱ្យចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចណ៍ជាតិនិងអន្តរជាតិទៅមកកំសាន្តច្រើន ដោយសារខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធល្អ និងប្រព័ន្ធផ្លូវគមនាគមន៍ខ្វាត់ខ្វែងស្អាតមានសោភ័ណ្ឌភាពទាំងផ្លូវជនបទនិងផ្លូវក្នុងទីក្រុង។

ជាក់ស្ដែងគេពិនិត្យឃើញការងារសំខាន់ៗនិងស្នាដៃធំៗសម្រេចបាននិងលេចធ្លោជាងគេដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអនុវត្តក្នុងឆ្នាំ២០១៩កន្លងមករួមមានការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ទាំងផ្លូវជាតិលេខ៦២និងផ្លូវគ្រួសក្រហមនានាទាំងផ្លូវក្នុងទីក្រុងនិងទីប្រជុំជនក៏ដូចនៅតាមបណ្ដាស្រុកក្នុងខេត្តជាពិសេសគឺការស្ថាបនាស្ពាន២កន្លែងនៅផ្លូវជាតិលេខលេខ៩៥ក្នុងស្រុកឆែបខេត្តព្រះវិហារ គ្រោងស្ថាបនាឱ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ២០២០ខាងមុខនេះ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

ពាក់ព័ន្ធការងារខាងលើនេះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖អ្វីដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសម្រេចបានក្នុងឆ្នាំ២០១៩នោះគឺអនុវត្តតាមការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរណ៍ទៅមកនោះក្នុងឆ្នាំ២០១៩កន្លងទៅនេះការងារជួស ជុលថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលថែទាំផ្លូវបានប្រវែង៨០០គីឡូម៉ែត្រដែលមានផ្លូវក្រាលកៅស៊ូចំនួន៤០០ គីឡូម៉ែត្រ ក្នុងនោះមានដូចជាការថែទាំ និងជួសជុលផ្លូវជាតិលេខ៦២ ប្រវែង ២២០០ម៉ែត្រស្មើ២គីឡូ ២០០ ម៉ែត្រ។

ដោយឡែកសម្រាប់ឆ្នាំ២០១៩កន្លងទៅនេះដែរមន្ទីរបានពង្រីកផ្លូវកោះកែរនិងផ្លូវម្លូរព្រៃបន្ថែមទំហំ៤ម៉ែត្រកន្លះទៀតលើផ្លូវដែលមានស្រាប់នៅក្នុងសង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រវែង ២២៧០ម៉ែត្រជាមួយនឹងការពុះទ្រូងផ្លូវដាក់សួនច្បារនៅកណ្តាល បំពាក់ទៅដោយអំពូលភ្លើង ។ ទន្ទឹមនឹងនោះនៅក្នុងទីរួមខេត្តនេះដែរយើងបានអ៊ុតកៅស៊ូACនៅមុខសាលាខេត្តមានប្រវែងប្រមាណជា ៧ ម៉ឺនម៉ែត្រការ៉េ។

លោក សំ លាងទ្រី ក៏បានបញ្ជាក់ទៀតថា៖ ផ្លូវនៅក្នុងទីរួមខេត្តព្រះវិហារមានអាយុកាលប្រមាណជាង១០ឆ្នាំហើយ ដែលធ្វើឱ្យកៅស៊ូងាប់តែនៅពេលយើងធ្វើការអ៊ុតកៅស៊ូ AC នេះនឹងធ្វើឲ្យជីវិតកៅស៊ូមានជីវិតឡើងវិញហើយប្រើប្រាស់បានពី៥ទៅ៦ឆ្នាំទៀត។ក្រៅពីនេះមន្ទីរក៏នឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយផ្លូវដោយមន្ទីរសាធារណការខេត្តបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី២៥ ធ្នូ២០១៩ដើម្បីរំដោះទឹកចេញពីទីរួមខេត្ត។

លោកសំ លាងទ្រីក៏បានបញ្ជាក់បន្តថា៖ក្រៅពីសកម្មភាពជួសជុលថែទាំផ្លូវទាំងប៉ុន្មានខាងលើ នៅមានស្ថាបនាស្ពាន ២កន្លែងលើបណ្ដោយផ្លូវជាតិលេខ៩៥ មន្ទីរសាធារណការនិងអនុវត្តការងារនេះឲ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានស្រួល។

គួរបញ្ជាក់ថា ការស្ថាបនាស្ពាន ២កន្លែងលើបណ្ដោយផ្លូវជាតិលេខ៩៥ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារអនុវត្តការងារបានប្រមាណជាង៩០ភាគរយហើយ ដោយស្ពានទី១ មានប្រវែង៤៥ម៉ែត្រទទឹក១២ម៉ែត្រ៥០ ស្ពានទី២មានប្រវែង១៨ម៉ែត្រទទឹង១០ម៉ែត្រ៩ ស្ថិតនៅក្នុងភូមិ ឃុំ ស្រុកឆែបខេត្តព្រះវិហារ ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ក្នុងឆ្នាំ២០១៩នោះដែរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនៅរង្វង់មូលស្រអែម នៅក្នុងស្រុកជាំក្សាន្តហើយចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥ ភាគរយនៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ។

លោកសំ លាងទ្រី បានអះអាងថា៖រូបសំណាកប្រាសាទព្រះវិហាររង្វង់មូលស្រអែមសាងសង់ឡើង ក្រោមការជ្រោមជ្រែងពីលោក ទេសរដ្ឋមន្រ្តី មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ ។

លោកបន្តទៀតថា ក្នុងឆ្នាំ២០១៩ដែរការិយាល័យសាធារការ ស្រុកឆែប ស្រុករវៀង ស្រុកជាំក្សាន្ត ស្រុកគូលែន និងស្រុកជ័យសែន នៃមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះកាត់សម្អាតរុក្ខជាតិ(កាត់ស្មៅ) និងកូនឈើដែលដុះបាំងផ្លូវកោង បង្គោលគីឡូម៉ែត្រ ផ្លាកសញ្ញា ដាឡូ លូ និងស្ពាន ដែលស្ថិតលើកំណាត់ផ្លូវជាតិលេខ ៩, លេខ៦២, លេខ៦៤, លេខ៩៥ ផ្លូវខេត្តលេខ ២៦២៦, ២៦២៥ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារឱ្យមានសោភ័ណ្ឌភាពផងនិងអ្នកធ្វើដំណើរងាយស្រួលមើលផ្លូវ។

ពាក់ព័ន្ធទៅនឹងការលំបាកនិងការប្រឈមសម្រាប់មន្ទីរសាធារណការខេត្តវិញលោកសំ លាងទ្រី បានបញ្ជាក់ដែរថា៖ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានដូចជាបញ្ហាទឹកជំនន់ភ្នំដែលធ្លាប់មកពីភ្នំបណ្ដាលឱ្យជន់លិចផ្លូវនិងដាច់ផ្លូវជាច្រើនកន្លែងនិងផ្លូវនៅតាមព្រំដែនឡាវវិញត្រូវទឹកជំនន់មកពីទន្លេល្ពៅជន់លិចនិងហូរកាត់ផ្លូវបណ្ដាលឱ្យដាច់​ខូច​ខាតពិបាកក្នុងការងារជួសជុលផងនិងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅរដូវរស្សាដោយសារផ្លូវរបស់យើងជាផ្លូវគ្រួសក្រហម។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបានបញ្ជាក់ថា៖ជាទិសដៅសម្រាប់ឆ្នាំ២០២០នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារមានគម្រោងអ៊ុតកៅស៊ូACនៅផ្លូវកោះកែរនិងផ្លូវម្លូរព្រៃក្នុងទីរួមខេត្តបន្តទៀតដែលមានប្រវែងប្រមាណ​៥គីឡូម៉ែត្រ ។ក្នុងនោះបន្តស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយនានាក្នុងក្រុងព្រះវិហារថែមទៀត។ជាគម្រោងនៅក្នុងឆ្នាំ២០២០នោះផងដែរ ផ្លូវកាត់ទទឹងទាំងអស់នៅក្នុងទីរូបខេត្តមន្ទីរសាធារណការនិងធ្វើការស្ថាបនាដោយចាក់បេតុងឆ្អឹងដែក ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយភាពសុខសប្បាយ ។

លោកប្រធានបន្តទៀតថា ជាទិសដៅឆ្នាំ២០២០នេះដែរគ្រោងជួសជុលបង្ហើយផ្លូវជាតិ​លេខ៩៥ ដែលនៅសល់ប្រវែង២០គីឡូម៉ែត្រនេះដោយសារផ្លូវជាតិលេខ៩៥នេះមានប្រវែងសរុប ៨០ គ.ម ដោយបំបែកចេញពីផ្លូវជាតិលេខ ៩ ត្រង់ គ.ម ៥៤៥+500 ក្នុងទីរួមស្រុកឆែប ខេត្តព្រះវិហារ និងបញ្ចប់ត្រង់កែងផ្លូវជាតិលេខ ៦២ ត្រង់ គ.ម ៦៨+២០០ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។សព្វថ្ងៃផ្លូវជាតិលេខ ៩៥ នេះបានក្រាលកៅស៊ូ DBST បានប្រវែង 59 គ.ម ហើយនៅសស់ប្រវែងជាង 20 គ.ម ទៀតដែលនៅជាផ្លូវក្រាលក្រួសក្រហមនៅឡើយ (គ.ម 4+300 ដល់ គ.ម 21+200 និង គ.ម 30+200 ដល់ គ.ម 33+700)។ផ្លូវលេខ៩៥នេះ ឆ្លងកាត់ស្រុកចំនួន៣ គឺ ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ដោយមានប្រជាជនរស់នៅសរុប ចំនួន 22 514 គ្រួសារ ស្មើនឹង ចំនួន 95 570នាក់។

លោកសំ លាងទ្រី បានបញ្ជាក់ទៀតថា៖ផ្លូវជាតិលេខ៩៥នេះវាបានបម្រើឱ្យប្រជាជនដឹកជញ្ជូនកសិផលក្នុងតំបន់ ដែលពួកគាត់ភាគច្រើនជាអ្នកស្រែ ចំការ ដូចជាស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទីរ ក៏ដូចជា ដំណាំហូបផ្លែមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញ ទៅខេត្តស្ទឹងត្រែង កាត់តាមផ្លូវជាតិលេខ ៩៥ នេះ គឺវាជិតជាងកាត់តាមផ្លូវជាតិលេខ ៦២ (កាត់តាមទីរួមខេត្តព្រះវិហារ) ប្រមាណជា 35គម។មន្ទីរក៏គ្រោងជួសជុលស្ពានពុទ្រាដែលមានប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសែននៅភូមិពុទ្រា ឃុំពុទ្រ ស្រុកជ័យសែនមានសភាពទ្រុតទ្រោមត្រូវការជួសជុលបន្ទាន់ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈធ្វើដំណើរឆ្លងកាត់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វណ្ណដា តារាចម្រៀង​រ៉េ​ប ...

ដោយៈ ដេប៉ូ / ភ្នំពេញៈ វណ្...

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់...

​ដោយៈ សុផល / ភ្នំពេញៈ លោក...

ស្វាយរៀងៈ​ពិភាក្សា​ការងារ...

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:​...

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...