ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះបានអញ្ជើញចូលរួមប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករវៀង។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក នាឱកាសនេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចផ្ទេរមុខងារ។

ក្នុងនោះធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងការចាត់ចែងនិងការប្រើប្រាស់សិទ្ធិអំណាចនិងធនធានទាំងនោះសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្តបានបន្ដទៀតថាការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាស្រុកនាពេលនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតគឺការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមគោលការណ៍ នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ។ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព តាមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ៕S/


