ស៊ុយអែត​ផ្តល់ជំនួយ​២,៧​លាន​ដុល្លារ​សម្រាប់​ជួយ​លើកកម្ពស់​តម្លាភាព​និង​គណនេយ្យភាព​នៅ​កម្ពុជា​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ផ្តល់​មូលនិធិ​គាំទ្រ​ដល់​ការងារ​ពង្រឹង​តម្លាភាព​និង​គណនេយ្យភាព​រាជរដ្ឋាភិបាល​កម្ពុជា​។​សកម្មភាព​ទាំងនោះ​មាន​គោលបំណង​បង្កើន​អនុលោមភាព​ចំពោះ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​កិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​៣​ឆ្នាំនេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៥,៥​លាន​សេក (​ប្រមាណ​ជា ២,៧​លាន​ដុល្លារ​អាមេរិក​)​។​

​សហភាព​អឺរ៉ុប​និង​ប្រទេស​ស៊ុយអែត​សហការ​ជាមួយ​ស្ថាប័ន​ដៃគូ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​តម្រូវការ​និង​ការផ្គត់ផ្គង់​តម្លាភាព​និង​គណនេយ្យភាព​នៅក្នុង​វិស័យ​សាធារណៈ​កម្ពុជា​។​កិច្ចការ​នេះ​ត្រូវបាន​អនុវត្ត​តាមរយៈ កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព​នៅ​កម្ពុជា ឆ្នាំ​២០២០-២០២២ ដំណាក់កាល​ទី​២​។​

គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​ការងារ​នេះ​នឹងត្រូវ​អនុវត្ត​តាមរយៈ​ការកសាង​សមត្ថភាព​ស្ថាប័ន​។​​លោក​MagnusSaemundsson​ប្រធានស្ដីទី​ផ្នែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ស្ថានទូត​ស៊ុយអែត​មានប្រសាសន៍ថា​៖“​តម្លាភាព​និង​គណនេយ្យភាព​នៅក្នុង​សេចក្ដីសម្រេចចិត្ត​ការបែងចែក​ធនធាន​និង​ការផ្តល់​សេវាសាធារណៈ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​ការការពារ​សិទ្ធិមនុស្ស​។

​យើង​ជឿថា​កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព​និង​តម្លាភាព​រួមជាមួយ​ស្ថាប័ន​ដៃគូ​នៅ​កម្ពុជា​ជំនាញ​របស់​អាជ្ញាធរ​ស៊ុយអែត​នឹង​រួមចំណែក​ជា​វិជ្ជមាន​លើ​ទិដ្ឋភាព​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ដូចជា​៖ ការប្រឆាំង​អំពើពុករលួយ​ការរស់នៅ​របស់​ប្រជាជន​និង​បរិយាកាស​អាជីវកម្ម​ជាដើម​។​កម្មវិធី​នេះ​មាន​គោលដៅ​ស្របគ្នា​នឹង​ការងារ​អាទិភាព​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​”​។​

​តួនាទី​របស់​អង្គការ​តម្លាភាព​កម្ពុជា​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជុំវិញ​បញ្ហា​ពុករលួយ​ដែលជា​ឧបសគ្គ​រាំងស្ទះ​កិច្ច​អភិវឌ្ឍ​ក្នុងសង្គម​កម្ពុជា​។​ជំនួយ​ថវិកា​ដែល​ផ្តល់ទៅឱ្យ​អង្គការ​តម្លាភាព​កម្ពុជា​នឹង​រួមចំណែក​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​០៣​ឆ្នាំ​(២០២០​និង​២០២២)“​រួមគ្នា​ប្រឆាំង​អំពើពុករលួយ​” របស់​អង្គការ​តម្លាភាព​កម្ពុជា​។

​ផែនការ​យុទ្ធសាស្ត្រ​នេះ មានកម្ម​វិធី​ស្នូល​ចំនួន​៥ ដូចជា​៖ ១. កម្មវិធី​ការចូលរួម​ក្នុង​វិស័យ​សាធារណៈ និង​កសាង​ភាពជា​ដៃគូ​។​២.​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​និង​យុវជន​។​៣.​កម្មវិធី​សុចរិត​ភាព​ធុរកិច្ច​។​៤.​កម្មវិធី​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​និង​អភិវឌ្ឍន៍​សមត្ថភាព​និង​៥.​កម្មវិធី​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ស្ថាប័ន​។​

លោក​ព្រាប​កុល​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​មានប្រសាសន៍ថា​៖“​ការបង្កើន​គណនេយ្យភាព និង​តម្លាភាព​តាមរយៈ​ការតស៊ូ​មតិ​និង​កិច្ចសន្ទនា​ដោយ​ផ្អែកលើ​ភ​ស្ថុ​តាង​។​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គឺជា​មូលដ្ឋានគ្រឹះ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើពុករលួយ​និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​។

​យើង​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ស៊ុយអែត​និង​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ​អង្គការ​តម្លាភាព​កម្ពុជា​ក្នុងនាម​ជា​ដៃគូ​យូរអង្វែង​ស្ថិតក្រោម​កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព​”​។​កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព​និង​តម្លាភាព​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំពេញបន្ថែម​ដល់​ជំនួយ​គាំទ្រ​ផ្នែក​ថវិកា​សាធារណៈ​របស់​សហភាព​អឺរ៉ុប​។​ដើម្បី​ធ្វើកំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​ស្ថាប័នរដ្ឋ​ដែល​ធ្វើការ​លើ​ការងារ​ប្រមូល​ពន្ធ​ការងារ​ស្ថិតិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តម្លាភាព​និង​គណនេយ្យភាព​។​

​ស្ថាប័ន​ដៃគូ​កម្ពុជា​សម្រាប់​កម្មវិធី​ភាពជា​ដៃគូ​ដើម្បី​គណនេយ្យភាព​និង​តម្លាភាព​ដំណាក់កាល​ទី​២​រួមមាន​៖​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​អគ្គនាយកដ្ឋាន​ពន្ធដារ​វិទ្យាស្ថាន​សភា​កម្ពុជា​និង​អង្គការ​តម្លាភាព​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular