ស្ត្រី​អ្នកជំនួញ​ម្នាក់​ដាក់​សំនួរ​ទៅកាន់​ស្ត្រីៗ​មេផ្ទះ​រឿង​កាន់​ទូរស័ព្ទ

518
ចែករម្លែក

ភ្នំពេញ​៖ ថ្លែង​ក្នុង​វេទិកា​សិក្ខាសាលា “​បណ្តុះបណ្តាល​និង​ចែករំលែក​បទពិសោធន៍​តំណាង ពី​អ្នកជំនួញ​អន​ឡាយ​” អ្នកជំនួញ​ស្ត្រី​ឆ្នើម​ម្នាក់ គឺ​លោកស្រី​អគ្គនាយិកា ទ្រី ដា​ណា បានដាក់ សំនួរ​មួយចំនួន ទៅកាន់​បណ្តា​ស្ត្រី​មេផ្ទះ​មកពី​ខេត្តកំពង់ឆ្នាំង​អំពី​ការ​កាន់​ទូរស័ព្ទ​។

​លោកស្រី​អគ្គនាយិកា ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ឌី​ង​ខូ​អិ​ល​ធី​ឌី ដែល​មហាជន​ស្គាល់ ថា​ជា​ស្ត្រី​មេផ្ទះ​ប្រែខ្លួន​ជា​ស្ត្រី​រកស៊ី ម្នាក់​ក្នុងសង្គម​កម្ពុជា បាន​ជួប​ស្ត្រី​មេផ្ទះ​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយបាន​ថ្លែងថា សម័យនេះ​ម្នាក់ៗ​ចូលចិត្ត​ទូរ​សព្ទ​ទំនើប ហើយ​ខ្លះ​តែងតែ​សុំ​ប្តី​ឱ្យ​ទិញ​របស់ទំនើប​ប្រើ​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ ស្ត្រី​ខ្លះ​គ្រាន់តែ​មក​យក​ថត បង្ហោះ​ថា បាន​ដើរលេង​នៅ​កន្លែង​នេះ បាន​ទៅ​ញាំ​អី​នៅ​កន្លែង​នោះ បាន​ទិញ​របស់​ប្រើ​ថ្មីៗ ឬ មិន​ដូច្នេះ​ថត​បង្ហោះ​ផឹកស៊ី​បង្អួត​បងប្អូន​មិត្ត​ភ័ក្ត្រ​តែម្តង​។ ប៉ុន្តែ​បើ​អ្នកជា​ស្ត្រី​មេផ្ទះ​រាល់ថ្ងៃ​សល់ ទំនេរ​ច្រើន ម្តេច​មិន​យក​ពេល​នៅសល់​ប្រចាំ​ថ្ងៃនោះ ធ្វើ​អ្វី​ឱ្យ​ចំណេញ​។ លោកស្រី​បានដាក់ សំនួ​រថា ហេតុអ្វី​មិន​គិតគូរ​ការលក់ដូរ​តាម​អន​ឡាយ ចូលចិត្ត​ទុក​សល់​ចោល​ហើយ​ចាំតែ លុយ​ប្តី​នោះ​។

​លោកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា ស្ត្រី​មេផ្ទះ​នៅសល់ ពេលវេលា​ជាច្រើន និង​ចាំតែ​លុយ ប្តី​នោះ គួរតែ​កែប្រែ​ជីវិត​របស់​ពួកគេ​ឱ្យ​ក្លាយជា​រកស៊ី​លក់ដូរ​អន​ឡាយ​ដែលជា​វិធីសាស្ត្រ សម័យថ្មី ថ្លៃដើម​តិច ងាយស្រួល​ក្នុងការ​លក់ដូរ​។ នៅផ្ទះ​មើលថែ​គ្រួសារ​ហើយ​មាន​ពេល គ្រាន់តែ​ថត​បង្ហោះ ឬ ផ្សាយ​វិ​ឌី​អូ​ផ្ទាល់ ពី​ការលក់ដូរ​របស់​អ្នក​គឺជា​រឿង​ចំណេញ​ក្នុង​ការរក លុយ ហើយ​ប្រសើរ​ជាជាង​ទៅ​បង្ហោះ​រូប​អួត​ផឹកស៊ី ដែល​មិនមែន​ចំណេញ​លុយ​មកវិញ​។ ស្ត្រី​មេផ្ទះ​ដែលមាន​ទូរ​សព្ទ​ក្នុង​ដៃ​ឧស្សាហ៍​ប្រើ​វា​មក​កម្សាន្ត​នោះ គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត ងាក​រក​ភាព​ចំណេញ និង អភិវឌ្ឍន៍​ខ្លួន ដើម្បី​ជួយ​គ្រួសារ​និង​ស្វាមី​របស់​អ្នក​។

​សូមបញ្ជាក់ថា សិក្ខាសាលា “​បណ្តុះបណ្តាល​និង​ចែករំលែក​បទពិសោធន៍​តំណាង​ចែកចាយ បន្ត​របស់​ផលិតផល NNP” រៀបចំឡើង​នៅ​សណ្ឋាគារ​អ៊ី​រ៉ា​ក្រុងភ្នំពេញ​ដោយ​លោក​អគ្គនាយក ហ៊ីង បញ្ញា​រិ​ទ្ធ និង​លោកស្រី ទ្រី ដា​ណា ដោយមាន​សមាជិក​ជា​ស្ត្រី​មេផ្ទះ និង​បុគ្គលិក​តាម បណ្តា​ក្រុមហ៊ុន​នានា ពី​ខេត្តកំពង់ឆ្នាំង ព្រៃវែង និង រាជធានី​ភ្នំពេញ​ប្រមាណ​១០០​នាក់​៕ ដោយ​៖ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម