ដោយៈប.ខុនភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញដាំដើមឈើបន្ថែមនៅលើសួនគល់ស្ពានជ្រោយចង្វាទាំងសងខាងដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បាររាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ថា ដើមឈើដែលបានដាំថ្មីនៅលើសួនគល់ស្ពានជ្រោយចង្វាមានចំនួន៣៤៤ដើម ដែលក្នុងនេះមានដើមធ្នង់២០៤ដើម គគីរ ១០៦ដើមនិងដើមគ្រញូង៣៤ដើម។
ប្រធានអង្គភាពសួនច្បារខាងលើនិយាយឱ្យដឹងទៀតថា ដើមឈើធំៗដែលមានស្រាប់នៅលើសួនតំបន់គល់ស្ពានជ្រោយចង្វានេះមានឥន្ទេលចំនួន៤០ដើមនិងគគីរ២៤០ដើម មានការដុះលូតលាស់យ៉ាងល្អដោយនៅលើសួនផ្នែកខាងត្បូងរង្វង់មូលកួចកាណុងដើមគគីរធំៗមានម្លប់ត្រឈឹងត្រជៃល្អណាស់។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋស្រលាញ់ដើមឈើដូចស្រលាញ់កូនចៅ ស្រលាញ់ កូនចៅដូច ស្រលាញ់ ដើមឈើ។
លោកអភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានដឹកនាំដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វាទាំងសងខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង ចំនួនជាង៣០០ដើម ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វាប្រែក្លាយជាឧទ្យាន បៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់៕S/Ha

ដើមឈើដាំថ្មីនៅលើសួនគល់ស្ពានជ្រោយចង្វារលោកឃួងស្រេងពិនិត្យមើលការដាំដើមឈើនៅសួនគល់ស្ពានជ្រោយ ចង្វារ



