ដោយ​: សុផល / ភ្នំពេញ​: កម្មវិធី JENESYS មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។​

​តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២១០០​នាក់​ហើយ តាំងពី​ឆ្នាំ​២០០៧​មក​។​

​ថ្មីៗ​នេះ​តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន និស្សិត​កម្ពុជា​ចំនួន​១២​រូប មកពី​៧​សាកលវិទ្យាល័យ រួមជាមួយ​នឹង និស្សិត​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS 2019​។​

​និស្សិត​ប្រតិភូ នឹងត្រូវ​បែងចែក​ជា​៥​ក្រុម ទៅតាម​ប្រធានបទ​ផ្សេងៗ​ដូចជា ១. វិស័យ ទេសចរណ៍ និង​ការអភិវឌ្ឍ​ទេសចរ​ប្រកបដោយ​ចីរភាព ២. ពលករ​អន្តោប្រវេសន៍ ៣. ការអប់រំ​ប្រកបដោយ​គុណភាព ៤. ការ​ខ្ជះខ្ជាយ​អាហារ ៥. ការយល់ដឹង​អំពី​ការកាត់បន្ថយ​គ្រោះមហន្តរាយ​។ ពួកគាត់ នឹង​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​លើ​បញ្ហា​នីមួយៗ តាមរយៈ​ការពិភាក្សា ការចូលរួម​សិក្ខាសាលា​ដែល​ឧ​ទេ្ទ​សនាម​ដោយ​អ្នកឯកទេស និង​ទស្សនកិច្ច​នៅ​ទីកន្លែង​មួយចំនួន​ជាមួយ​និស្សិត​ប្រតិភូ​មកពី បណ្តា​ប្រទេស​អាស៊ាន និង​ជប៉ុន​។ ពួកគាត់ ក៏​នឹង​មានឱកាស​ទទួលបាន​បទពិសោធន៍​ពី​វប្បធម៌​ជប៉ុន​ផងដែរ​។
​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ​៕ ល​