ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ នេះ បាន​ឈាន​មកដល់​ថ្ងៃទី​៩ សប្តាហ៍​ទី​៥ ហើយ ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សវនាការ​នៅថ្ងៃនេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​អង្គហេតុ​សកម្មភាព​រប​ស់លោក កឹម សុខា នៅ​ចន្លោះ​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧ ពោលគឺ​ក្នុងអំឡុងពេល​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​កណ្តាល​អា​ធ្រា​ត្រ​។

​ការពិភាក្សា​នេះ គ្រោង​នឹងត្រូវ​ចែកចេញជា​៣​ដំណាក់កាល ដោយ​ជជែក​ពី​អង្គហេតុ​នៃ​ការបង្កើត​និង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ អង្គហេតុជុំវិញ​ការបោះឆ្នោត ឆ្នាំ​២០១៣ និង អង្គហេតុក្រោយ​ការបោះឆ្នោត ឆ្នាំ​២០១៣ រហូតដល់​ការចាប់ខ្លួនលោក កឹម សុខា តែម្តង​។​

​ជាមួយគ្នានេះ គេ​សង្កេតឃើញថា នៅតាម​ដងផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កងកម្លាំង​ចម្រុះ​បានដាក់​ពង្រាយ​ជាធម្មតា ដើម្បី​សម្រួល​ចរាចរណ៍​ជូន​អ្នកដំណើរ ហើយ​ក្រុម​អ្នកសារព័ត៌មាន រួមទាំង​អង្គការ​សង្គម​ស៊ីវិល សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ការតាមដាន​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។

​សូមជម្រាបថា សវនាការ​សំណុំរឿង​លោក កឹម សុខា ពាក់ព័ន្ធ​ទោស​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​នេះ ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ស​ម្រ​ច​ធ្វើ​រយៈពេល ២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពោលគឺ​រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ហើយ​សវនាការ​នេះ នឹង​អាច​ពន្យា​រពេល​ជាច្រើន​ថ្ងៃ​បន្តទៀត ដោយសារ​តែមាន​អ្នកពាក់ព័ន្ធ​ជាច្រើនដែល​នឹងត្រូវ​ផ្តល់​សក្ខីកម្ម​ជូន​ដល់​តុលាការ​៕ ល​/Ha