កូរ៉ូណា​វីរុស​ដែល​ផ្ទុះ​នៅ​ចិន ត្រូវ​គេ​ដាក់​ឈ្មោះ​ផ្លូវការ​ថា COVID-19

​កូរ៉ូណា​វីរុស​ថ្មី​មួយ​ដែល​បាន​កើត​ឡើង​កាលពី​ចុងឆ្នាំ​មុន​នៅ​ប្រទេស​ចិន​ ហើយ​ចាប់តាំងពី​ពេលនោះ​មក​បាន​ចម្លង​ទៅ​មនុស្ស​រាប់​ម៉ឺន​នាក់ ឥឡូវ​នេះ​ត្រូវបាន​អ្នក​​ជំនាញ​សុខភាព​ពិភពលោក​ដាក់​ឈ្មោះ​ជា​ផ្លូវការ​គឺ​ COVID-19 ។​

​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ​នេះ អង្គការ​សុខភាព​ពិភពលោក​(WHO )​បាន​និយាយថា ​ខ្លួន​បាន​សម្រេចចិត្ត​លើ​ឈ្មោះ​នេះ បន្ទាប់ពី​បាន​​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​និង​អង្គការ​សុខភាព​សត្វ​ពិភពលោក​។​

​វីរុស​COVID-19 នេះ ត្រូវ​បាន​សម្គាល់​ឃើញ​ដំបូង​នៅ​ចុង​ខែ​ធ្នូ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ រហូតមក​ដល់​ពេល​នេះ​វា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៤៤.២០០​នាក់​​នៅ​ប្រទេស​ចិន ហើយ​បាន​សម្លាប់​មនុស្ស ១.១១០​នាក់​។

​ក្រៅ​ប្រទេស​ចិន ជំងឺ​នេះ​បាន​ឆ្លង​ដល់​២៤​ប្រទេស​។​

​ទោះជា​ការប្រមើលមើល​រំពឹង​ថា​ជំងឺនេះ​នឹង​ចប់​នៅត្រឹម​ខែធ្នូ ក៏​ចំនួន​ឆ្លង​និង​ការសម្លាប់​របស់​វា​មកទល់​បច្ចុប្បន្ន នាំ​ឲ្យ​អង្គការ​WHO គិតថា​វា​សាហាវ​ជាង​​ភេរវកម្ម​។​

​ប្រធាន​WHO បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពិភពលោក​ត្រូវ​តែ​«​ភ្ញាក់ឡើង​និង​គិតថា វីរុស​កំណាច​នេះ​ជា​សត្រូវ​ទី​១​របស់​សាធារណជន​។​វីរុស​មួយ​មាន​ឥទ្ធិពល​​ក្នុងការ​បង្កចលាចល​នយោបាយ សង្គម​និង​សេដ្ឋកិច្ច គឺ​ខ្លាំង​ជាង​ការវាយប្រហារ​ភេរវកម្ម​។​វា​ជា​សត្រូវ​អាក្រក់​បំផុត​»​។​

​ផលប៉ះពាល់​របស់​វា​លើ​ការធ្វើដំណើរ ការបិទ​ខ្ទប់​តំបន់​ផ្ទុះ​វីរុស​និង​ការផ្អាក​ផលិតកម្ម​នៅ​ចិន កំពុង​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​ចិន​។​នៅក្នុង​ប្រទេស​ចិន មាន​​ក្រុមហ៊ុន​ជាង​៣០០​ដែល​ស្វះស្វែង​រក​ឥណទាន​ពី​ធនាគារ សរុប​៥៧,៤​ពាន់​លាន​យ័ន​ដើម្បី​ជួយ​ដោះស្រាយ​ការរំខាន​ដោយ​វីរុស​នេះ​។​

​គ្រាន់​តែ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Xinchao Media បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ឈប់​បុគ្គលិក​៥០០​នាក់ និង​បណ្តាញ​ភោជនីយដ្ឋាន​Xibei​កំពុង​​បារម្ភ​អំពី​ថា​តើ​ត្រូវ​រក​លុយ​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​កម្មករ​ចំនួន​២០.០០០​នាក់​របស់​ខ្លួន​យ៉ាងណា​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular