ឆ្មាស្រលៀងភ្នែកដ៏គួរឱ្យស្រលាញ់មួយក្បាលបានឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងច្រើនដោយសារតែសម្រស់ទាក់ទាញគ្មានពីររបស់វា។
ឆ្មាឈ្មោលអាយុ ៣ ឆ្នាំឈ្មោះ បេឡារូស (Belarus) មកពីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាម៉េរិក ខាងលើនេះមានជំងឺ strabismus ដែលធ្វើឱ្យភ្នែករបស់វាស្រលៀង ប៉ុន្តែមិនធ្វើឱ្យវាខ្វាក់ឡើយ។
ដោយសារលក្ខណៈពិសេស និងសម្រស់គ្មានពីររបស់វាបានធ្វើឱ្យវាក្លាយជាតារាល្បីតាមបណ្ដាញទំនាក់ទំនងសង្គម ដោយទទួលបានអ្នកគាំទ្រ (Follower) រហូតដល់ទៅជាង ២៥៧.០០០ នាក់តាម Instagram។
ម្ចាស់ស្រីរបស់វាឈ្មោះ រ៉ាឆែល (Rachel) ដែលបានសង្គ្រោះវាចេញពីអង្គការផ្ដល់ជម្រកដល់សត្វគ្មានទីពឹងបានប្រាប់គេហទំព័រ Bored Panda ថា គ្រាន់តែឃើញវាភ្លាមគាត់លង់ស្នេហ៍ នឹងវាភ្លាម។
ចាប់តាំងពីយកវាមកចិញ្ចឹម គាត់បានបន្តឧបត្ថម្ភដល់អង្គការខាងលើជាហូរហែ ដោយជួយរៃអង្គាសប្រាក់បានប្រមាណ ៤.០០០ ដុល្លារ៕ ប្រែសម្រួលៈខុម