ដូច​កាលពី​ឆ្នាំមុនៗ​ដែរ​ នៅមុន​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភៈ ចូល​មកដល់ ក្រសួងអប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ ជាមួយគ្នា​នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នៅ​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ​បានប្រែក្លាយ ថ្ងៃ​១៤​កុម្ភៈ​នេះ ជា​ជំនួញ និង​ជា​ថ្ងៃ​ផ្តល់ជំនួយ​មនុស្សធម៌​។​

​សេចក្តីណែនាំ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា សិស្សានុសិស្ស​មួយចំនួន​តូច យល់ច្រឡំ​ថា ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ តែ​តាមពិត ទិវា​នេះពុំមែន​ជា​ប្រពៃណី​របស់​ជនជាតិខ្មែរ​យើង​ទេ​។ ក្នុងនោះ កន្លងមក​ក៏មាន​យុវជន​មួយចំនួន​តូច ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​សេចក្តីថ្លៃថ្នូរ​បុគ្គល និង​ក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និង​ប្រពៃណីជាតិ​របស់​ខ្មែរ​។​

​ដូច្នេះ​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​ន៍បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ថ្ងៃ​១៤​កុម្ភៈ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដូចតទៅ​៖ ១.​ត្រូវ​ផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស តាម​គ្រប់​មធ្យោបាយ ដូចជា តាមរយៈ​ការប្រជុំ នៅពេល​គោរព​ទង់ជាតិ កុំឱ្យ​មានការ​យល់​ខុសអំពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។ ២.​ត្រូវ​ពង្រឹង​ការអនុវត្តន៍ វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេសលើ​ការគ្រប់គ្រង​សីលធម៌ ដោយ​តាមដាន​អវត្តមាន​របស់សិស្សានុសិស្ស​ជាប្រចាំ​។ ៣.​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន​ក្រុមប្រឹក្សា​កុមារ ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “​មិត្ត​អប់រំ​មិត្ត​”​។ ៤.​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ​ណែនាំ កែលម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​។
​ ​
ជាការ​ពិត ថ្ងៃទី​១៤​កុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រិ​ស្ត​សាសនិកជន បាន​កំណត់ថា ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ បច្ចុប្បន្នទិវា​នេះ បាន និង​កំពុង​ជ្រៀត​ចូលមកក្នុង​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន បាន​ទទួលយក និង​ប្រើប្រាស់ដោយ​ភាព​ភ័ន្តច្រឡំ នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ​ទៀតផង​។​

​ក្នុង​បរិការណ៍​នេះ ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​ស៊ីជម្រៅ ចំពោះ​វប្បធម៌ ប្រពៃណី ដែលជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង​ព្រមទាំង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌​ទំនៀមទម្លាប់​ពី​ខាងក្រៅ ដើម្បីបន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ​នៃ​សង្គម​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​ឲ្យ​បាននូវ​អត្ថិភាព ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដែលមាន​វ័យ​ចំណាស់រាប់ពាន់​ឆ្នាំ មកហើយ​នៅ​ទ្វីបអាស៊ី​នេះ​។​

​យ៉ាងណាក៏ដោយ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ នៅ​កម្ពុជា​យើង ត្រូវបាន​ក្រសួង​ស្ថាប័ន រួមទាំង​យុវជន ប្រែក្លាយជា​ឱកាស ក្នុងការ​ចែកចាយ និង​ធានា​នូវ​ក្តីស្រឡាញ់ ប្រកបដោយ​ភាពទូលំទូលាយ និង​សន្តាន​ចិត្ត​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​នៅ ជុំវិញខ្លួន មាន​ជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្ដី ប្រពន្ធ កូន ចៅ និង​ចំពោះ​អ្នក​ដែល​នៅក្នុង សង្គម​ជាមួយគ្នា ដូចជា​៖ ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន ជាដើម ក្រោមរូបភាព ការជួបជុំ​ពិភាក្សាគ្នា ឬ​ទទួលទានអាហារ​រួមគ្នា ដោយ​ក្តី​សោមនស្ស​រីករាយ ការសរសេរ​លិខិត​ជូនពរ ការជូន​អំណោយ​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​ភាព​ក​តញ្ញូ​តា​ធម៌​ពី​ក្តី ស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន ចំពោះ​អ្នកមានគុណ បុព្វការី​ជន​ចំពោះ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់ និង​ចំពោះ​សង្គមជាតិ​។​

​អ្នករស់នៅ​ភ្នំពេញ ពិសេស​យុវជន បានប្រែក្លាយ​ថ្ងៃ​១៤​កុម្ភៈ បង្កើត​មុខរបរ ជា​ជំនួញ​លក់ដូរវត្ថុ​អនុស្សាវរីយ៍ តុក្កតា និង​លក់​ផ្កា​តាមផ្លូវ ព្រមទាំង​បង្កើត​កម្មវិធី​មនុស្សធម៌ បរិច្ចាគ​ឈាម និង​ចែក​អំណោយ​នានា ជាដើម​។​
​ ​
រៀងរាល់ឆ្នាំ ចាប់តាំងពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ នៅតាម​ផ្លូវ​នានា នៅ​ភ្នំពេញ មាន​អាជីវកម្ម តាម​រដូវ ដោយមាន​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ កតុក្កតា បាន​បោះតង់ ក្រាលកម្រាល​តាំង​លក់ តាមផ្លូវ​ជាច្រើន​។ ក្រៅពីនោះ ក៏មាន​អ្នកលក់​ផ្កាកុលាប តាមផ្លូវ ដែល​ផ្កាកុលាប​ទាំងនោះ ត្រូវបាន​លក់​ឡើងថ្លៃ​មួយ​ជា​ពីរ​ជា​បី ព្រោះថា បើ​នៅ​ថ្ងៃ​ធម្មតា ផ្កាកុលាប ១​ទង ថ្លៃ​តែ ១៥០០ រៀល ទៅ ២០០០ រៀល​ប៉ុណ្ណោះ តែបើ​នៅ​ថ្ងៃ​ក្តី​ស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ​នេះ ផ្កាកុលាប ១​ទង លក់បាន​ថ្លៃ​ដល់​ទៅ ៤០០០ រៀល ឬក៏​ថ្លៃ​ជាង​នេះ​។
​ ​
ក្រៅពី​ជំនួញ​តាម​រដូវ​កាល​នេះ នៅ​ថ្ងៃ​១៤​កុម្ភៈ ក៏ត្រូវ​បាន​ក្រុមយុវជន​បង្កើតជា​ព្រឹត្តិការណ៍ ជួបជុំ បរិច្ចាគ​ឈាម សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​។ ក្នុងនោះ ក្រុមយុវជន​នៅ​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន បានរៀបចំ​ពិធី​បរិច្ចាគ​ឈាម នៅ​ថ្ងៃ​១៤​កុម្ភៈ​។ រីឯ​នៅ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម ដែលមាន​ទីតាំងនៅ​បរិវេណ​មន្ទីរ​ពេទ្យរុស្ស៊ី នៅ​ផ្លូវ​២៧១ ក្នុង​រាជធានី​ភ្នំពេញ ដូច​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ ក៏បាន​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​ហើយ​តែងតែមានប្រជាពលរដ្ឋ ពិសេស​យុវជន​យ៉ាងច្រើន​កោះករចូលមក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​។​
​ ​
ដោយឡែក នៅតាម​ក្រុមហ៊ុន និង​ស្ថាប័ន​មួយចំនួនទៀត ក៏បាន​រៀបចំ​កម្មវិធី​ជួបជុំ​រៃអង្គាស ថវិកា សម្ភារ​ដើម្បី​ជួយ​ដល់​ចាស់ជរា និង​កុមារកំព្រា ឬក៏​សិស្ស​ទីទ័លក្រ​នៅតាម​មណ្ឌល កុមារកំព្រា និង​តាម​សាលារៀន​នៅតាម​ទីជនបទ ដោយ​ជួបជុំ​ចែក​អំណោយ​នៅ​ថ្ងៃទី​១៤​កុម្ភៈ នេះ​។​
​ ​
​ព្រឹត្តិការណ៍​នានា នៅ​ថ្ងៃទី​១៤​កុម្ភៈ រួមមាន​៖ ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍ លក់​ផ្កា កាដូ ជួបជុំ​ផ្តល់​ឈាម និង​រួមគ្នា​ចែក​អំណោយ ជាដើម​នេះ គឺជា​សកម្មភាព​ដ៏​ប្រពៃ​មួយ​ដែលជាបរិបទ​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ខណៈដែល​យុវជន​កម្ពុជា​កាន់តែ​យល់ច្បាស់​ពី​អត្ថន័យនៃ​ថ្ងៃ​ក្តី​ស្រឡាញ់ថ្ងៃ​១៤​កុម្ភៈ​។

​ពោលគឺ​ថ្ងៃ​ក្តី​ស្រឡាញ់​នេះ ពីមុន យុវជន​យើង​តែងតែ​ហៅថា ជា​ថ្ងៃបុណ្យ​សង្សារ​ដែល​នាំ​ដល់ការ​នឹក​គិតតែ​ពី​រឿង​ស្នេហា រវាង​បុរស​ស្ត្រី​។ ប៉ុន្តែ​នៅពេលនេះ ថ្ងៃ​១៤​កុម្ភៈ​មិនមែន​សំដៅលើ​ស្នេហា​បុរស​ស្ត្រី ឬ​គូសង្សារ​ទៀត​ទេ តែ​យុវជន​យើង យល់ច្បាស់​ថា​ជា​ថ្ងៃ​ចែករំលែក​ក្តីស្រឡាញ់ ដល់​មនុស្ស​ជាទី​ស្រឡាញ់ មិត្តភក្តិ ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន និង​ចូលរួម​ធ្វើអំពើ​ល្អ ជួយ​ដល់​សង្គម តាមរយៈ​ការនាំគ្នាទៅ​ផ្តល់​ឈាម និង​ចែក​អំណោយ ជាដើម​។​
​ ​
សេចក្តីណែនាំ និង​សេចក្តីអំពាវនាវ​ពី​ក្រសួង​ស្ថាប័នរដ្ឋ បាន​ក្រើនរម្លឹក​ដល់​យុវជន​សូម​បង្ហាញក្តី​ស្រឡាញ់​សម្រាប់​មាតាបិតា ក្រុម​គ្រួ​សារ អ្នកគ្រូ លោកគ្រូ មិត្ត​ភ័ក្តិ ដោយ​សេចក្តីថ្លៃថ្នូរ ទទួលខុសត្រូវ និង​ផ្តល់​តម្លៃ​ដល់​អ្នក​ទាំងនោះ ក៏ដូចជា​ការផ្តល់​តម្លៃ​ដល់​ខ្លួនឯង​។ ពោលគឺ រក្សា​ភាពថ្លៃថ្នូរ​របស់ខ្លួន​ឯង គ្រួសារ និង​សង្គម ព្រមទាំង​ចែករំលែក​សេចក្តីស្រឡាញ់​ចំពោះ មនុស្ស​គ្រប់ៗ​គ្នា ហើយ​សម្តែង​ចេញ​តាមរយៈ​ការគោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​។​

​ជាពិសេស​យុវជន សិស្សសាលា កុំ​ភ្លើតភ្លើន និង​កុំ​យល់​ខុសពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នេះ ព្រោះថា កន្លងមក តែងតែមាន​ការលើកឡើង​ថា ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ​ហើយ​រហូត ដល់​មាន​យុវតី​យើង​មួយចំនួន កំណត់​យក​ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃ​ណាត់ជួប​គូស្នេហ៍ និង​ប្រគល់ខ្លួនប្រាណឲ្យ​គូស្នេហ៍ ដែល​នាំ​ដល់​បញ្ហា​ជាច្រើន ដូចជាការឆ្លង​មេរោគ​អេដស៍​​ ការ​មានកូន​ក្នុង​វ័យ​សិក្សា ជាដើម​។​

​ដូច្នេះ​នៅពេលនេះ រឿង​ដដែលៗ បាន​វិល​មកវិញ ពោលគឺ​ថ្ងៃ​១៤​កុម្ភៈ ទិវា​ក្តី​ស្រឡាញ់ បាន​ចូល​មកដល់ ហើយ​សេចក្តីអំពាវនាវ ក៏​ចេញផ្សាយ​។ តែ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ខាង​សាលារៀន ត្រូវអនុវត្ត​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​គឺ ត្រូវ​ស្រង់​អវត្តមាន​សិស្ស និង​កំណត់​យក​ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃ​ប្រឡង​សំខាន់ ដែល​សិស្សត្រូវ​មក​រៀនជា​ចាំបាច់ ដោយ​ខានមិនបាន​។

​រីឯ​អាណាព្យាបាល មាតាបិតា​សិស្ស ក៏ត្រូវ​អប់រំ​កូនចៅ ពិសេស​ត្រូវ​ប្រាកដថា កូនចៅ ចូល​សាលារៀន ហើយ​ចេញពី​សាលារៀន មក​ផ្ទះ ដោយ​ត្រូវ​នាំ​ចូលទៅ​សាលា និង​ទំនាក់ ទំនង​ជាមួយ​គ្រូ អ្នកគ្រប់គ្រង​សាលា​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ប្រាកដថា កូន​ចូលរៀន ដោយ​មិន​គេច​សាលា ទៅ​ដើរលេង ផ្តេសផ្តាសនៅ​ថ្ងៃ ១៤​កុម្ភៈ​នោះឡើយ​។​

​សំខាន់​ជាងគេ យុវជន​ខ្លួនឯង ពិសេស​សិស្សសាលា ត្រូវ​ស្តាប់បង្គាប់​គ្រូ មាតាបិតា អាណាព្យាបាល ត្រូវ​ចូលរៀន ហើយ​មិនត្រូវ​ភ្លើតភ្លើន តាម​មិត្តភក្តិ នាំគ្នា​ដើរលេង ឬ​ទៅ​ប្រព្រឹត្តិ ផ្តេសផ្តាសដោយ​ពិសេស​មិនត្រូវ​នាំគ្នា ចូល​ផ្ទះសំណាក់ រួមភេទ ក្នុង​វ័យ​សិក្សា​នោះឡើយ​។ ទង្វើ​បែបនេះ ក្រៅពី​ឆ្លង​ជំងឺ មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង ក៏​ជាការ​ធ្វើបាប​ក្រុមគ្រួសារ ខូច​ឈ្មោះ អាប់​កិត្តិយស​ពូជពង្សវង្សត្រកូល​ថែម​ទៀតផង​។

​សូម​ចាំ​ពាក្យ​មួយ​ឃ្លា​ថា “​មិន​ជឿ​ចាស់ស្រលះ​ដៃ​ធេង​”​។ ពោលគឺ​យុវជន​ពិសេស​សិស្សសាលា កូនចៅ ត្រូវ​ស្តាប់បង្គាប់​ឪពុកម្តាយ អាណាព្យាបាល រៀមច្បង និង​គ្រូបង្រៀន​ដែលអប់រំ ណែនាំ កុំ​ឲ្យ​ធ្វើអំពើ​មិនល្អ​។ តែបើ​យុវវ័យ​ភ្លើតភ្លើន ទម្រាំ​ដឹង ខ្លាច​ហួសពេល​អស់​៕ ដោយ​: ម៉េង​ឆៃ​/Ha