ស្រាវីស្គីដ៏កម្របំផុត និងថ្លៃបំផុតក្នុងពិភពលោកត្រូវបានដាក់លក់កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ក្នុងពិធីដេញថ្លៃតាមអនឡាញនូវស្រាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលប្រមូលទិញដោយសពមហាសេដ្ឋីផលិតដបភេសជ្ជៈមួយរូបនៅសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនរៀបចំការដេញស្រាវីស្គីដែលមានឈ្មោះថា Whisky Auctioneer និយាយថា ស្រាដែលប្រមូលទិញដោយសពលោក រីឆាដ ហ្គូឌីង (Richard Gooding) នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតដបទឹកក្រូច Pepsi រួមមានទាំងស្រាដបអាយុកាល ១០០ឆ្នាំដែលគេជឿថា មានតម្លៃជាង ១,៣ លានដុល្លារផងដែរ។
ស្រាចំនួន ៣.៩០០ ដបនេះភាគច្រើនជាស្រាវីស្គីដំបែរស្កុតលែន។ ស្រា ១.៩៤៩ដបដំបូង ដែលត្រូវបានដេញថ្លៃរយៈពេលជាង ១០ ថ្ងៃចាប់ផ្ដើមពីថ្ងៃសុក្រសប្ដាហ៍មុន រួមមានស្រា Macallan 1926 Valerio Adami 60 Year Old (៦០ ឆ្នាំ) និងស្រា Springbank 1919 50 Year Old (៥០ ឆ្នាំ) ផងដែរ។ ស្រា Macallan មួយដបបានក្លាយជាស្រាថ្លៃបំផុតក្នុងពិភពលោកនៅពេល វាលក់បានថ្លៃជាង ១,៩ លានដុល្លារក្នុងពិធីដេញថ្លៃនៅក្រុមហ៊ុន Sotheby’s កាលពីខែតុលា ឆ្នាំមុន។
សូមបញ្ជាក់ថា ការដេញថ្លៃតង់ទី២ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០-២០ ខែមេសាហើយមនុស្ស រាប់ម៉ឺននាក់នៅទូទាំងពិភពលោកបានចុះឈ្មោះចូលរួមការដេញថ្លៃតាមគេហទំព័ររបស់ក្រុមហ៊ុននេះ៕ ប្រែសម្រួលៈខុម
