មេប៉ូលិសនៅប្រទេសដែនកោះម៉ាល់ឌីវ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយ បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីនារីទេសចរជនជាតិអង់គ្លេសម្នាក់ដែលស្លៀក ឈុតប៊ីគីនីកំប៉ិតឡិតបានស្រែកឆោឡោថា “អ្នកឯងបំពានផ្លូវភេទខ្ញុំ” ខណៈនាងត្រូវបុរស មួយក្រុមព័ទ្ធចាប់ក្រៀក។
តាមរយៈរូបភាពទាំងនេះបង្ហាញពីសកម្មភាពបុរសបីនាក់ព្យាយាមចាប់នាងដាក់ខ្នោះដៃ នៅពេលនាងព្យាយាមតដៃពួកគេកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ។ ចំណែកឯបុរសម្នាក់ទៀតបាន យកកន្សែងពោះគោបិទបាំងរាងកាយនាង ពេលពួកគេក្រៀកនាងចេញទៅនៅចំពោះ មនុស្សជាច្រើននៅលើកោះម៉ាហ៊ូស៊ី (Maafushi)។
ស្នងការប៉ូលិស ម៉ូហាម៉េដ ហាមីដ (Mohamed Hameed) ថ្លែងថា “មន្ត្រីប៉ូលិសរបស់យើងបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អ ពេលចុះឃាត់ខ្លួននារីទេសចរអង់គ្លេស។ ដូចនេះខ្ញុំ សុំទោសចំពោះនារីទេសចររូបនោះ និងសាធារណជនចំពោះឧប្បត្តិហេតុនេះ”។
សូមបញ្ជាក់ថា នារីទេសចរខាងលើត្រូវបានឃាត់ខ្លួនដោយសារ “ការស្លៀកពាក់បង្ហាញសាច់ដោយមិនសមរម្យ” ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រែសម្រួលៈខុម






