កីឡាករ សេសា អាស្ពីលីគូអេតា (Cesar Azpilicueta) ប្រធានក្លឹបឆេលស៊ីបានសារភាពថា ទម្រង់លេងក្នុងទឹកដីរបស់ខ្លួនត្រូវតែពង្រឹងបន្ថែមនៅមុនដំណើររបស់ក្រុមម៉េនឆេស្ទ័រ យូណាយធីតនិងក្រុម តូតិនហេម(Tottenham )មកកាន់ទឹកដី Stamford Bridge ។
ក្រុមរបស់លោក ហ្វ្រែង ឡាំផាត (Frank Lampard) ដែលបច្ចុប្បន្នឈរនៅលេខរៀងទី៤ នៅលើតារាងពិន្ទុក្របខណ្ឌព្រីមីញ៉េលីកនោះ កំពុងត្រដាបត្រដួសក្នុងការកសាងភាពខ្លាំង ក្នុងទឹកដីនៅរដូវកាលនេះ។ ក្រុមតោខៀវឆេលស៊ីនឹងទទួលភ្ញៀវម៉េនឆេស្ទ័រយូណាយធីត នៅថ្ងៃទី១៧ខែកុម្ភៈ ហើយពីរបីថ្ងៃក្រោយមក ពួកគេនឹងស្វាគមន៍ក្រុម ស្ពឺរ(Spurs) របស់លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) ។
បន្ទាប់មកទៀត ក្រុមតោខៀវនឹងទទួលភ្ញៀវបៃយឺន ម៉ូនិច( Bayern Munich) នៅក្របខ័ណ្ឌឆេមពានលិកបីថ្ងៃក្រោយមកទៀត។
អាស្ពីលីគូអេតា បាននិយាយថា “យើងមិនបានបង្ហាញភាពរឹងមាំនៅពហុកីឡដ្ឋាន Stamford Bridge ដូចដែលយើងចង់បាននោះទេនៅឆ្នាំនេះ”។
កីឡាកររូបនេះបន្តថា “នេះគឺជាពេលវេលាដ៏ល្អបំផុត ដើម្បីស្តាសាមគ្គីភាពក្នុងក្រុមដោយត្រូវ ប្រកួតបីលើកជាប់គ្នា ហើយពួកគេត្រូវធ្វើឲ្យទឹកដី Stamford Bridge ក្លាយជាទីកន្លែងដ៏តឹង តែងបំផុត”។
ក្រុមរបស់លោក ឡាំផាត ប្រកួតចាញ់ក្រុមអន់ដូចជា Bournemouth West Ham និង Southampton នៅរដូវកាលនេះ ខណៈអ្នកគាំទ្រចាប់ផ្តើមខកចិត្តខ្លាំង ដោយ សារតែក្រុមនេះ ខ្វះភាពស៊ីសង្វាក់នៅទឹកដី Stamford Bridge ៕ ប្រែសម្រួល: ពិសិដ្ឋ
