ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy S20 ក្នុងព្រឹត្តិការណ៍ដំណាលគ្នានៅទីក្រុងឡុងដ៍និងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃអង្គារទី១១កុម្ភៈ។
ស្មាតហ្វូនស៊េរីថ្មី ដែលបែកធ្លាយយ៉ាងសម្បើមមុនពេលចេញលក់ជាផ្លូវការ គឺមាន ៣ ម៉ូដែល គឺ Galaxy S20 ទំហំ ៦,២ អ៊ីញ, S20+ ទំហំ ៦,៧ អ៊ីញ និង S20 Ultra ទំហំ ៦,៩ អ៊ីញ។
ស្មាតហ្វូនទាំង៣នេះគឺត្រូវជាមួយប្រព័ន្ធ 5G និងភ្ជាប់មកជាមួយអេក្រង់ប្រភេទ Infinity-O របស់ Samsung ដែលគ្របដណ្តប់ពេញផ្ទៃមុខនៃទូរស័ព្ទ ជាមួយផ្ទៃរាងបញ្ឈិតដ៏ពិសេសនៅជុំវិញគែម។
កាមេរ៉ាថត Selfie “ចោះនៅលើអេក្រង់ផ្នែកខាងលើ” ដែលបង្ហាញខ្លួនលើកដំបូងនៅលើទូរស័ព្ទ Galaxy S10 កាលពីឆ្នាំមុន បានប្តូរពីជ្រុងខាងស្តាំលើអេក្រង់មកចំកណ្តាលអេក្រង់វិញ។
កាមេរ៉ាមុខនេះមានកែវថតផ្ទៃលាតទំហំ ១០ មេហ្គាភិចសែល ដូច្នេះអ្នកអាចថតបានមនុស្សច្រើននាក់នៅក្នុងស៊ុមរូបថត និង ភ្ជាប់មកជាមួយនូវកម្មវិធីជជែកជាវីដេអូរបស់ Google ឈ្មោះ Duo។
ការកុម្ម៉ង់ទិញទុកមុនចាប់ផ្តើមនៅថ្ងៃទី ២១ ខែកុម្ភៈ ហើយអតិថិជននឹងអាចកាន់ទូរស័ព្ទ S20 ចាប់ពីថ្ងៃទី ៦ ខែមីនាតទៅ។ តម្លៃចាប់ផ្តើមគឺ ៩៩៩ ដុល្លាររសម្រាប់ S20 ស្តង់ដារ ១.១៩៩ ដុល្លារសម្រាប់ S20+ និង ១.៣៩៩ ដុល្លារសម្រាប់ S20 Ultra៕ ដោយ៖ កញ្ញាដាលីស