ដោយ៖តារារិទ្ធ(ភ្នំពេញ)៖លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែននា យករដ្ឋមន្ត្រីកម្ពុជាឲ្យដឹងថាជប៉ុនកំពុងយកចិត្តទុកដាក់បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយការយកចិត្តទុក ដាក់នៅពេលនេះគឺលើវិស័យសំរាមតែម្ដង ដែលវិស័យសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុន ៣ដែលមានចំណាប់អារម្មណ៍មកវិនិយោគ នៅកម្ពុជា។ក្នុងន័យនេះលោកបានជម្រាបជូនសម្ដេចតេជោថាក្រុមហ៊ុនជប៉ុនទាំង៣នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅភ្នំពេញ។

លោក មីកាមី ម៉ាសាហ៊ីរ៉ូ(Mikami Masahiro) ឯកអគ្គរដ្ខទូតជប៉ុនប្រចាំកម្ពុជាបានអញ្ជើញចូលជួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១២ ខែកុម្ភៈនេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថានោះថាលោក មីកាមី ម៉ាសាហ៊ីរ៉ូ បានជម្រាបជូន សម្ដេចតេជោថា៖ក្រុមហ៊ុនជប៉ុនកំពុងតែធ្វើការសហការជាមួយក្រសួងរ៉ែនិងថាមពលលើវិស័យអគ្គិសនីដោយបានពិភាក្សាជាមួយលោក ស៊ុយ សែម ម្ដងហើយនិងពិភាក្សាម្ដងទៀតដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ពីនោះទៅទៀតក៏មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ។ ជាងនេះទៀតក៏បានពិភាក្សានិងសិក្សាអំពីផែនការមេក្នុងការពង្រីកពង្រឹងវិនិយោគកំពង់ ផែក្រុងព្រះសីហនុក៏ដូចជាការចូលរួមចំណែករបស់ជប៉ុនក្នុងការតាក់តែងច្បាប់សំណង់និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។ជាពិសេសទៅទៀតនោះជប៉ុនកំពុងយកចិត្តទុក ដាក់បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាតលើវិស័យចំរោះទឹកហើយការយកចិត្តទុកដាក់នៅពេលនេះលើវិស័យសំរាមតែម្ដងដែលវិស័យសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុន៣ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ក្នុង ន័យនេះលោកក៏បានជម្រាបជូនសម្ដេចតេជោដែលថាក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុនក៏បានជម្រាបជូនសម្ដេចតេជោផងដែរថាជប៉ុននឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកំពុងតែពិចារណាផ្ដល់ថវិកាបន្ថែមដល់អង្គភាពនេះហើយក៏កំពុងពិចារណារៀបចំដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀប ចំកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅក្នុងឆ្នាំនេះនិងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ខាងមុខហើយជប៉ុនក៍កំពុងពិចារណាផ្ដល់ថវិកាជួយដល់កម្ពុជាក្នុងការទិញរថយន្តនិងសម្ភារៈសម្រាប់ការប្រើប្រាស់ក្នុងការ រៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ ២០២២ នេះ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក មីកាមិ ចំពោះការវាយតម្លៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនសម្ដេចបានមានប្រសាសន៍ថាកម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យជាអាទិ៍នៅខែកុម្ភៈនេះកម្ពុជា បានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេនក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតលើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានជួយដល់កម្ពុជានឹងបន្តជួយដល់កម្ពុជាលើវិស័យដោះ មីន និង គ្រាប់មិនទាន់ផ្ទុះក៏ដូចជារៀបចំជួយដល់កម្ពុជាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី អឺរ៉ុប និង អាស៊ាន នាពេលខាងមុខទទួលបានជោគជ័យ។សម្ដេច ក៏បានថ្លែងអំណរគុណជាបន្តទៀតចំពោះជំនួយរបស់ជប៉ុនដល់ការតាក់តែងច្បាប់ឲ្យសំណង់។សម្ដេចបានស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាមានកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។ពាក់ព័ន្ធ និងកំពង់ផែក្រុងព្រះសីហនុដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះសម្ដេចបានមានប្រសាសន៍ថាកំពង់ផែក្រុងព្រះសីហនុមានសារៈសំខាន់ណាស់គឺជាកំព ងផែតែមួយគត់ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា ។ ដោយឡែកជាចុងក្រោយពាក់ព័ន្ធនឹងការប្រមូលសំរាមសម្ដេចបានមាន ប្រសាសន៍ថានៅពេលនេះរាជធានីភ្នំពេញនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាលព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេដោយសារទីក្រុងភ្នំពេញមានការរីកធំពីប្រមាណ៣០០គីឡូម៉ែត្រការ៉េទៅ ៦០០គីឡូម៉ែត្រការ៉េហើយនៅពេលដ៏ខ្លីខាង មុខនេះស្ថាប័នទាំងពីរគឺសាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ,ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ៕

