ដោយ:គង់ហេង/កំពង់ចាម៖ ទន្លេមេគង្គក្រុងកំពង់ចាម បានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរបរទេសតាមកប៉ាល់មកឈប់សំចត ដើម្បីធ្វើដំណើរបន្តតាមរថយន្តឆ្ពោះទៅកាន់ទស្សនាតំបន់កម្សាន្តជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍វប្បធម៌ និងសាសនា ហើយពេលរាត្រីភ្ញៀវវិលត្រឡប់មកសម្រាកនៅតាមកប៉ាល់ចតនៅកំពង់ផែ ឬបោះយុទ្ធការនៅកណ្តាលទន្លេគ្រប់រដូវ។
នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងនៅក្នុងជំនួបសវនាការជាមួយសេនានុព័ន្ធយោធាបរទេស មកពីបណ្តាប្រទេសចំនួន ១៤ នៅក្នុងសាលាខេត្តនេះនារសៀលថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២០។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ពាក់ព័ន្ធវិស័យទេសចរណ៍ ខេត្តកំពង់ចាមមិនទាន់ប្រែក្លាយជាគោលដៅទេសចរណ៍ ដើម្បីប្រកួតប្រជែងជាមួយបណ្តាខេត្តផ្សេងទៀតដែលមានប្រាំង្គប្រាសាទបុរាណល្បីៗ ដែលជាប់ចំណាត់ថ្នាក់ជាបេតិកភ័ណ្ឌពិភពលោកយ៉ាងណាក៏ដោយ។ ប៉ុន្តែយើងកំពុងរៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនបន្ថែមទៀត។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ទោះយ៉ាងណាយើងមានគោលដៅទេសចរណ៍សម្រាប់ក្រុងកំពង់ចាមនេះ។ ដែលបាន និងកំពុងស្រូបបាននូវភ្ញៀវនូវភ្ញៀវទេសចរធ្វើដំណើរតាមកប៉ាល់មកពីបណ្តាប្រទេសហ្វីពិន ប្រទេសឥណ្ឌូនេស៊ី ឆ្លងកាត់ប្រទេសវៀតណាមមកលេងក្រុងកំពង់ចាមតែម្តង។
លោកបានមានប្រសាសន៍បន្តថា ភ្ញៀវទាំងនោះបានឈប់សំចតកប៉ាល់នៅកំពង់ផែក្រុងនេះ ហើយបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ដូចជា រមណីយដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានប្រាសាទនគរបាជ័យ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី ក្នុងស្រុកកំពង់សៀម។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១២ កុម្ភ:ថា ពិតជាមានភ្ញៀវទេសចរបរទេសធ្វើដំណើរតាមផ្លូវទឹកដោយកប៉ាល់ មកឈប់សំចតនៅកំពង់ផែក្នុងក្រុងកំពង់ចាមពិតប្រាកដមែន។ ដោយភ្ញៀវបរទេសធ្វើដំណើរតាមកប៉ាល់ គឺមកជាកញ្ចប់របស់ក្រុមហ៊ុន។
លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា កប៉ាល់បានមកឈប់នៅកំពង់ផែ គឺភ្ញៀវបានធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនដដែល ទៅកាន់ទីកម្សាន្តជាតំបន់ទេសចរណ៍របស់ខេត្តកំពង់ចាម និងមួយចំនួនទៅកាន់រមណីយដ្ឋានខេត្តដទៃ ឬក៏ទៅកាន់ខេត្តសៀមរាប។ លុះដល់ពេលល្ងាចភ្ញៀវទាំងនោះបានវិញត្រឡប់មកស្នាក់នៅលើកប៉ាល់វិញ។ ដោយខ្លះចតនៅកំពង់ផែជាប់ច្រាំង និងខ្លះទៀតចេញទៅបោះយុទ្ធការនៅកណ្តាលទន្លេ។
លោក សុគុន បានបន្តថា យើងលោកពុំបានដឹងពីតួលេខភ្ញៀវបរទេសតាមកប៉ាល់ប្រចាំថ្ងៃ តែបើក្នុងមួយខែក្នុងចន្លោះប្រមាណពី ៦០០ ទៅ ១.០០០ នាក់។ ដោយភ្ញៀវបរទេសតាមកប៉ាល់ឆ្លងកាត់ទន្លេមេគង្គខេត្តកំពង់ចាម គឺបានធ្វើដំណើរមកឈប់សំចតនៅក្រុងកំពង់ចាមនេះពេញមួយឆ្នាំ ទាំងរដូវប្រាំង និងរដូវវស្សាតែម្តង៕B/