នាងបានទាក់ទាញក្រសែភ្នែកអ្នកតាមដានរឿងភាគកូរ៉ នៅពេលនាងបង្ហាញខ្លួនលើកដំបូងក្នុងភាពយន្តភាគ Goblin ក្នុងឆ្នាំ ២០១៦។
តារាសម្តែង គូ ស៊ូជុង ក៏សម្តែងក្នុងរឿងភាគ Solomon’s Perjury ផងដែរ ហើយនាងបានបង្ហាញមុខក្នុងវីដេអូបទចម្រៀង With Seoul របស់ក្រុមចម្រៀង BTS។
ប៉ុន្តែវិស័យកម្សាន្តកូរ៉េបានបាត់បង់សិល្បៈការិនីម្នាក់ទៀត ក្រោយទីភ្នាក់ងាររបស់នាងគឺផលិតកម្ម Story J Company លាតត្រដាងនៅថ្ងៃពុធទី ១២ កុម្ភៈនេះថា នាងគូបានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃនាពេលថ្មីៗនេះបាត់ទៅហើយ។
ពិធីបុណ្យសពលក្ខណៈឯកជនកាលពីថ្ងៃទី៩កុម្ភៈត្រូវបានចូលរួមដោយសមាជិកគ្រួសារនិងមិត្តភក្តិ។
វេបសាយ Koreanboo រាយការណ៍ថា តារាស្រីរូបនេះស្លាប់កាលពីថ្ងៃទី ៧ កុម្ភៈ។
យោងតាមទីភ្នាក់ងាររបស់នាងបានឱ្យដឹងថា នាងគូអាយុ២៤ឆ្នាំនឹងត្រូវចងចាំជានិច្ច ដោយបានឧទ្ទិសដល់ស្នាញញឹមដ៏ស្រស់របស់នាងដែលបានបំភ្លឺពិភពលោកមួយនេះ។
ដំណឹងនេះបានញ៉ាំងឱ្យអ្នកគាំទ្របន់ស្រន់ឱ្យនាងបានទៅឋានសុគតិភព៕ ដោយ៖ កញ្ញាដាលីស