ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅថ្ងៃពុធទី១២កុម្ភៈនេះបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដើម្បីទាមទារសំណងចំនួន ១០ ពាន់លានយ៉េន (៩០ លានដុល្លារ) ពីអតីតប្រធានក្រុមហ៊ុន លោក កាឡូស ហ្គោន (Carlos Ghosn) ចំពោះអ្វីដែលគេហៅថា “សកម្មភាពមិនត្រឹមត្រូវនិងសកម្មភាពក្លែងបន្លំរាប់ឆ្នាំ” របស់គាត់។
បុរសវ័យ ៦៥ ឆ្នាំរូបនេះប្រឈមនឹងការចោទប្រកាន់ជាច្រើនបទល្មើសទាក់ទងនឹងសកម្មភាពមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសជប៉ុនប៉ុន្តែបានភៀសខ្លួនទៅកាន់ប្រទេសលីបង់មុនពេលគាត់ប្រឈមមុខនឹងការកាត់ទោស។ គាត់បដិសេធរាល់ការប្រព្រឹត្តខុសទាំងឡាយ។
ក្រុមហ៊ុន Nissan និយាយថា ការខូចខាតត្រូវបានគណនាដោយផ្អែកលើការខាតបង់ចំពោះក្រុមហ៊ុនពី “ការប្រព្រឹត្តអំពើពុករលួយ” របស់លោកហ្គោន។
ក្រុមហ៊ុនបានចោទប្រកាន់លោកហ្គោនពីបទ “ប្រើប្រាស់លំនៅដ្ឋាននៅឯបរទេសដោយមិនបានបង់ថ្លៃជួល ប្រើប្រាស់យន្ដហោះក្រុមហ៊ុនជាលក្ខណៈឯកជន ទូទាត់លុយឱ្យទៅបងស្រីរបស់គាត់ បង់ប្រាក់ឱ្យទៅមេធាវីផ្ទាល់ខ្លួនរបស់គាត់” នៅប្រទេសលីបង់។
ក្រុមហ៊ុននិយាយថា ចំនួនទឹកប្រាក់នេះទំនងជានឹងកើនឡើងទៀត ហើយបន្ថែមថា ក្រុមហ៊ុនក៏នឹងព្យាយាមប្តឹងលោកហ្គោនពីបទ “និយាយគ្មានមូលដ្ឋាននិងបរិហារកេរ្តិ៍” ពេលគាត់ធ្វើសន្និសីទកាសែតនៅប្រទេសលីបង់ផងដែរ៕ ដោយ៖ កញ្ញាដាលីស