ដោយ:បាយ័ន/ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ។

ពិធីប្រគល់និងទទួល បានធ្វើឡើងនៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកគឺមានឈ្មោះ មាស អ៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិថ្នល់បែក ឃុំថ្នល់បែក ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបន្តថា ជនឈ្មោះ មាស អ៊ុយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ពីបទឆ្លងដែនកាប់ឈើក្រញូង ដោយចូលតាមច្រកអូរស្វាយ ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ ចាប់តាំងពីពេលនោះមករហូតដល់ថ្ងៃទី១២ ខែកុម្ភៈ: ឆ្នាំ២០២០នេះ ទើបដោះលែងអោយមានសេរីភាពវិញ៕B/