Home បទវិភាគ/ទស្សនៈ ផលវិបាក​បង្កឡ...

ផលវិបាក​បង្កឡើង​ដោយ​វីរុស​COVID-19​អាច​អាក្រក់​ជាង​SARS

​កូរ៉ូណា​វីរុស​COVID-19​បាន​សម្លាប់​មនុស្ស​ជាង​១​ពាន់​និង​និង​ចម្លង​ទៅ​មនុស្ស​ជាង​៤​ម៉ឺន​នាក់​នៅ​ជាង​ម្ភៃ​ប្រទេស តែ​ក្រៅពី​មនុស្ស​វា​ក៏​កំពុង​វាយប្រហារ​សេដ្ឋកិច្ច​​ពិភពលោក ជាពិសេស​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​លើ​លោក​។​

​ដោយ​មនុស្ស​រាប់លាន​នាក់​នៅ​ចិន​ត្រូវ​បង្ខាំង​មិន​អោយ​ចេញ​ទៅណា ជើងហោះហើរ​ភាគច្រើន​មក​កាន់​ប្រទេស​មាន​សេដ្ឋកិច្ចពិភពលោក​ធំ​បំផុត​ទី​២​នេះ​ត្រូវ​​លុបចោល​និង​ក្រុមហ៊ុន​ស្ថាប័ន​ចិន​មួយចំនួន​នៅ​បន្ត​បិទទ្វារ ពួក​អ្នកជំនាញ​ការព្រមាន​អំពី​ការខូចខាត​សេដ្ឋកិច្ចពិភពលោក​ដល់​ទៅ​២៨០​ពាន់​លាន​ដុល្លារ និង​​ពិភពលោក​ទំនងជា​នឹង​ជួប​កំណើន​យឺត​បំផុត​ចាប់តាំងពី​វា​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។​

​ម៉ៃ​ឃើ​ល ថៃល័​រ មន្ត្រី​នៅ​ក្រុមហ៊ុន​ឥណទាន​Moody’s​បាន​និយាយថា​«​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​កើតឡើង​ចំ​ពេល​សេដ្ឋកិច្ច​ចិន​រីកចំរើន​យឺត​ស្រាប់​។​វា​បាន​ស្ថិតនៅ​​ក្រោម​សម្ពាធ​ន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​ស្រាប់​។​ខ្ញុំ​ហាក់​មាន​ការប្រយ័ត្នប្រយែង​អំពី​ការ​រំពឹងថា​នឹង​មាន​ការ​ស្ទុះ​ឡើង​ភ្លាមៗ​»​។​

​បើ​តាម​ក្រុមហ៊ុន​Money Mind ការផ្ទុះ​ជម្ងឺឆ្លង​បច្ចុប្បន្ន​វា​មាន​ផលប៉ះពាល់​សេដ្ឋកិច្ច​ធំ​ជាង​កាល​ពី​ពិភពលោក​ជួប​ជម្ងឺ​ផ្លូវដង្ហើម​ស្រួល​ស្រាល់​(SARS)​កាលពី​១៧​ឆ្នាំមុន​។​

​កាលពី​១៧​ឆ្នាំមុន នៅ​ឆ្នាំ​២០០៣ ចិន​នៅ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​៦​នៅឡើយ ដោយ​សេដ្ឋកិច្ច​របស់​ខ្លួន​ស្មើនឹង​៤,៣​ភាគរយ​នៃ​ទិន្នផល​ពិភព​​លោក​តែ​ប៉ុណ្ណោះ តែ​សព្វថ្ងៃ មហា​សេដ្ឋកិច្ច​ទី​២​នេះ​មាន​ចំណែក​១៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

​ទំហំ​សេដ្ឋកិច្ច​ជា​រឿង​មួយ តែ​ភាព​ប្រទាក់ក្រឡា​នៃ​ពាណិជ្ជកម្ម​របស់​ចិន​វា​កាន់តែ​ស្មុគស្មាញ​ពោលគឺ​សេដ្ឋកិច្ចពិភពលោក​អាចនិយាយបាន​ថា​ពឹង​លើ​ចិន​ភាគ​​ច្រើន​ហើយ​កាលណា​ផលិតកម្ម​នៅ​ចិន​ជាប់គាំង ដំណើរការ​ផលិតកម្ម​នៅ​ប្រទេស​មួយចំនួន​ក៏​ជាប់គាំង​ដែរ​។​

​បណ្តា​ស្ថាប័ន​ជំនួញ​បាន​កាត់បន្ថយ​ផលិតកម្ម​ឬ​ផ្អាក នៅ​ពេល​រោងចក្រ​ជាច្រើន​នៅ​ចិន​និង​កន្លែង​ផ្សែង​ទៀត បាន​បិទ​ជា​បណ្តោះអាសន្ន រួម​មាន​រោងចក្រ​គ្រប់​​គ្រង​ដោយ​ក្រុមហ៊ុន​រថយន្ត​Nissan, Tesla និង ក្រុមហ៊ុន​Foxconn ដែលជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​ដល់​ក្រុមហ៊ុន​Apple​។​

​នៅ​អាស៊ី ដំណើរ​រំខាន​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន នឹង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ស្ទើរ​គ្រប់​ប្រទេស រួម​ទាំង​វិស័យ​អាកាសចរណ៍ និង​កាស៊ីណូ ។​ឧទាហរណ៍​នៅ​ប្រទេស​ថៃ​ កូរ៉ូណា​វីរុស នាំអោយ​តំបន់​ទេសចរណ៍​មួយចំនួន​ស្ងាត់​។​

​ការខូចខាត​សេដ្ឋកិច្ច​មួយ​ផ្នែក​ទៀត​បណ្តាល​មក​ពី​ការនាំចេញ ដោយសារ​ការធ្លាក់ចុះ​តំរូវការ​នៅ​ចិន​។​ឧទាហរណ៍​វៀតណាម​បាន​អះអាង​អំពី​ការខាតបង់​ប្រមាណ​៦០០​លាន​ដុល្លារ​ពី​ការ​មិន​បាន​នាំចេញ​ទំនិញ ជាពិសេស​កសិផល​។​

​លោក​ថៃល័​រ បាន​និយាយថា​« ចិន​ឥឡូវ​ជា​គោលដៅ​នាំចេញ​ដ៏​ធំ​របស់​អាស៊ី​។​ដូច្នេះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ការមកដល់​នៃ​ទេសចរ​ចិន តែ​ការនាំ​ចេញ​ទៅ​ចិន​ក៏​ប៉ះ​​ពា​ល់​»​។​

​បើ​តាម​ពួក​អ្នកវិភាគ​នៅ​ធនាគារ​ស្វីស UBS កំណើន​សេដ្ឋកិច្ច​សកល​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​ស្ទើរតែ​នៅ​ទ្រឹង ដោយសារ​ទាំង​អ្នក​ប្រើ​និង​កម្មករ​នៅ​អាស៊ី​ភាគច្រើន​​បន្ត​នៅ​ផ្ទះ និង​បណ្តា​រោងចក្រ​និង​ហាង​បន្ត​បិទ​។​

​ចំណែក​ពួក​កុងស៊ុល​តង់​នៅ​ក្រុមហ៊ុន Capital Economics រឹតតែ​ទុទិដ្ឋិនិយម ដោយ​ទាយ​ថា ទិន្នផល​សេដ្ឋកិច្ច​សកល​នឹង​មិន​កើន​សោះ​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​​នេះ​។​ពួកគេ​បាន​និយាយថា «​ការ​ទាយ​ល្អ​បំផុត​របស់​យើង​គឺថា ការរំខាន​សេដ្ឋកិច្ច​បណ្តាលមកពី​កូរ៉ូណា​វីរុស នឹង​ធ្វើអោយ​សេដ្ឋកិច្ចពិភពលោក​ខាតបង់​ប្រាក់​​ជាង​២៨០​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២០»៕​ប្រែ​សម្រួល​៖​វាសនា​

ការបិទ​រោងចក្រ​នៅ​ចិន​បណ្តាលអោយ​បិទ​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​ផ្សេង​មួយចំនួន​ផង​ដែរ ដោយសារ​ផលិកម្ម​មានភាព​ប្រទាក់ក្រឡា​គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...