Home ព័ត៌មានជាតិ នយោបាយ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ​ប្រតិកម្ម​តប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចោទប្រកាន់​លើ​រដ្ឋាភិបាល​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានធ្វើការ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​ស​មា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​ទាមទារ​ឲ្យ​និរាករណ៍​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ​។​
​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​ទាមទារ​ឲ្យ​និរាករណ៍​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។
​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ទៅនឹង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ ឆ្នាំ​១៩៩៣ មាត្រា​៤២​ថ្មី កថាខណ្ឌ​ទី​១ ចែងថា “​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ​។ សិទ្ធិ​នេះ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​។ ផ្អែកលើ​មូលដ្ឋាន​ខាងលើនេះ នៅ​ឆ្នាំ​១៩៩៥​រាជរដ្ឋាភិបាល​បានរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើនលើក​ច្រើនសារ​។ អស់​រយៈពេល​២០​ឆ្នាំ ទើប​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅក្នុង​ខែសីហា ឆ្នាំ​២០១៥​។​
​ក្រសួងមហាផ្ទៃ​បាន​បន្តថា ដោយឡែក​ពាក់ព័ន្ធ​នឹង​នីតិបុគ្គល​មិន​យកចំណេញ ដែលមាន​កំណត់​នៅក្នុង​ក្រមរដ្ឋប្បវេណី គឺ​គ្រាន់តែ​ចែង​អំពី​គោលការណ៍​ទូទៅ​តែប៉ុណ្ណោះ​។ ដូចនេះ ក្រមរដ្ឋប្បវេណី​មិនបាន​ហាមឃាត់​ក្នុងការ​រៀបចំ​ឲ្យ​មានច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះឡើយ​។ ក្នុងពេល​អនុវត្ត​ដោយ​ស្តាប់​នូវ​មតិយោបល់​របស់​អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ​បាន​ឯកភាព​ទទួលយក​នូវ​សំណើ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​។ កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​វិសោធនកម្ម​ត្រូវបាន​ដំណើរការ​ចំនួន​៤​លើក រួចមក​ហើយដោយ​ចាប់ផ្តើម​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតមក ហើយ​បានសម្រេច​ឯកភាពគ្នា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ចំនួន​៩​មាត្រា លើ​១៧​មាត្រា ដែល​ស្នើឡើង​ដោយ​សមាគម និង​អង្គ​ការមិន​រដ្ឋាភិបាល​។​
​ក្រសួងមហាផ្ទៃ​សង្ឃឹមថា នឹង​បន្ត​ការពិភាក្សា​ស្វែងរក​ការស្រុះស្រួល​គ្នា​លើ​មាត្រា​ដែល​នៅ​សេសសល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដូច្នេះ​ការដែល​លើកឡើងថា រាជរដ្ឋាភិបាល​មិនមាន​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​ដូច​បានបញ្ជាក់​ខាងលើ​នោះឡើយ​។ ជាគោលការណ៍​ទូទៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ច្បាប់​បានកំណត់​អំពី​ដែន​សមត្ថកិច្ច អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​តួអង្គ​សំខាន់ៗ នៅក្នុង​សង្គម​រួមមានៈ ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​… ដើម្បី​ការពារ​ផលប្រយោជន៍ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​តួអង្គ​ទាំងនោះ​។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​កិច្ចការ​នេះ នៅតែមាន​ឆន្ទៈ​យ៉ាង​មោះមុត បន្ត​លើកកម្ពស់​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយនឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​សុទ្ធចិត្ត​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រហូតដល់​ទទួលបាន​លទ្ធផល​វិជ្ជមាន​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០០ បាន​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​និរាករណ៍​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបាន​ឆាប់រហ័ស​។ ដោយ​ពួកគេ​បាន​លើកឡើងថា កិច្ចប្រជុំ​លើក​ទី​៤ រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន បានបញ្ចប់​ទៅដោយ​មិនមាន​លទ្ធផល​ជា​វិជ្ជមាន ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អប្រសើរ​នោះទេ​។ នេះ​គឺជា​សកម្មភាព​ចុងក្រោយ​មួយ​នៃ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្ហាញថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អង្គ​ការមិន​មែនរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សមាគម និង​ក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular