ដោយ៖ដេប៉ូ/ភ្នំពេញ៖ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ឬហៅថាValentinedayត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី១៤កុម្ភៈដែលក្នុងថ្ងៃនេះបញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។សេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយប៉ុន្ដែយ៉ាងណាក្តីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ត្រូវបានយុវជនមួយចំនួនយល់ច្រឡំដោយគិតថាសម្រាប់តែគូស្នេហ៍។ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យ នេះថាថ្ងៃបុណ្យសង្សារ។
ទាក់ទិនទៅក្នុងរឿងនេះលោករស់សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ថានាពេលនេះយុវជនក៏ដូចជាសិស្សជាច្រើនបានយល់ច្បាស់ពីអត្ថន័យនៃថ្ងៃទី១៤ខែកម្ភៈថាមិនមែនជាបុណ្យនៃប្រពៃណីខ្មែរយើងឡើយ។ព្រមជាមួយគ្នាជាទូទៅនៅថ្ងៃទី១៤ខែកុម្ភៈសិស្សានុសិស្សគ្រប់កម្រិតសិក្សាបានមករៀនសូត្រធម្មតា។ផ្ទុយមកវិញកូនសិស្សមួយចំនួនដែលមានពេលទំនេរពីម៉ោងរៀនសូត្របាននាំគ្នាជួយការងារសង្គមទៀតផង។
លោកបានបញ្ជាក់ដែរថាសម្រាប់នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះនៅ វិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំយុវជននិងកីឡាគ្រោងរៀបចំបាឋកថាស្តីពីការថែរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនាក្រោមអធិបតីភាពបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាផងដែរ។
លោករស់សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់បន្ថែមថា“នៅមានយុវជនមួយចំនួនតូចដែលមិនទាន់បានយល់អត្ថន័យថ្ងៃទី១៤ខែកុម្ភៈដោយយល់ក្នុងន័យមួយបែបនោះ។ប៉ុន្តែឥឡូវពួកគាត់ភាគច្រើនបានយល់អត្ថន័យនៃថ្ងៃទី១៤ខែកុម្ភៈច្រើនហើយ”។ព្រមជាមួយគ្នាលោកបានអំពាវនាវឱ្យយុវជនក៏ដូចជាសិស្សានុសិស្សត្រូវចូលរៀនធម្មតាហើយព្រមជាមួយគ្នាបើមានពេលទំនេរក្រៅម៉ោងការសិក្សាដែលមិនប៉ះពាល់ដល់ម៉ោងរៀនសូត្រគួរនាំគ្នាចូលរួមជួយការងារសង្គម”។
គួរបញ្ជាក់ថាបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាកាលពីថ្មីៗមកនេះបានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈដែលជាទិវាបុណ្យនៃក្ដីស្រឡាញ់។Valentine’sDayជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថាបុណ្យនេះជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។
នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយទិវានេះបានធ្វើឲ្យយុវវ័យខ្លះភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់កិត្ដិយសសេចក្ដីថ្លៃថ្នូររបស់ខ្លួននិងក្រុមគ្រួសារផងដែរប្រាសចាកពីវប្បធម៌និងប្រពៃណីដ៏ផូរផង់របស់ជាតិដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។ក្នុងសេចក្តីណែនាំខាងលើនេះបានបញ្ជាក់ថាដើម្បីការពារថែរក្សានូវវប្បធម៌និងប្រពៃណីរបស់ខ្លួនក្រសួងអប់រំយុវជនកីឡាសូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនចំនួន៤ចំណុច ដូចខាងក្រោម៖
ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិកុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់(Valentine’sDay)។ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឹងម៉ាត់។ជាពិសេសលើការគ្រប់គ្រងសីលធម៌និងវិន័យដោយតាមដានអវត្ដមានរបស់សិស្សានុសិស្សជាប្រចាំ។
ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជនក្រុមប្រឹក្សាកុមារប្រចាំសាលាដោយអនុវត្ដសកម្មភាពមិត្ដអប់រំមិត្ដ។ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាអ្នកអាណាព្យាបាលសិស្សសហគមន៍ដើម្បីផ្ដល់និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕S/
យុវជនជាច្រើនបានយល់ដឹងច្បាស់ពីអត្ថន័យនៃថ្ងៃទី១៤ខែកុម្ភៈហើយពួកគេមួយចំនួនងាកមកជួយការងារសង្គមវិញ