​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ដូនពេញ​ត្រូវ​ពង្រឹង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។​លុបបំបាត់​ឱ្យបាន​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បញ្ហា​ចោរកម្ម​ក្មេង​ទំនើង​សណ្តាប់ធ្នាប់​សាធារណៈ​បញ្ហា​អនាម័យ​សំរាម​ជាដើម​។​ដើម្បីឱ្យ​ខណ្ឌ​នេះ​នៅតែ​រក្សាបាន​ភាព​ស្អាត​នៅតែ​ទទួលបាន​ពានរង្វាន់​ផ្ការំដួល​បី​ទង​ដែលជា​ទីក្រុង​ស្អាត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖​ចាំបាច់​ណាស់​ខណ្ឌដូនពេញ​ត្រូវតែ​ល្អ​ស្អាត​ឱ្យបាន​ជាប់​ជាប្រចាំ​។​ព្រោះ​ខណ្ឌ​នេះ​ជា​ចំណុចកណ្តាល​នៃ​រាជធានី​ភ្នំពេញ​សំបូរ​ទៅដោយ​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​ជាច្រើន​។​ដូច្នេះ​មិន​ត្រឹមតែ​ធានាបាន​សោភ័ណភាព​បរិស្ថាន​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​។​

​គឺ​ត្រូវតែ​ការពារ​ឱ្យបាន​នូវ​ពានរង្វាន់​ផ្ការំដួល​៣​ទង​ថែមទៀត​។​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃ​ទៅ​១២​ខែកុម្ភៈ​នៅ​សាលាខណ្ឌ​ដូនពេញ​។

សូមបញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាស​បើក​ទទួលយក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ​ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ​តាមរយៈ​ប្រព័ន្ធ​ទូរ​ទាត់​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​បង្កលក្ខណៈ​ងាយ ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចំណេញ​ពេលវេលា​និង​កាត់បន្ថយ​ការចំណាយ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅក្នុង​ខែមករា​នេះ​គឺ​គ្មាន​ការប្រែប្រួល​ទេ​គឺ​អនុវត្តន៍​តាម​តារាង​តម្លៃ​កាលពី​ខែតុលា ឆ្នាំ​២០១៩​កន្លង​ទៅជា​គោល​។​ក្នុងឱកាស​នោះដែរ​លោក សុខ ពេញ​វុ​ធ បានឱ្យដឹងថា​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​នាពេលនេះ​នឹងធ្វើ​ឱ្យ​មន្ត្រី​គ្រប់ផ្នែក​គ្រប់​ជំនាញ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​សកម្ម​ធ្វើឡើង​ថែមទៀត​៕S/​