ដោយបូកគោ/កំពតៈកសិករភាគច្រើនក្នុងឃុំកូនសត្វស្រុកទឹកឈូបានបង្វែការប្រកបរបរអាជីវកម្មលើដីស្រែរបស់ខ្លួនពីការបង្កបង្កើនផលស្រូវមកដាំដំណាំអំពៅវិញព្រោះទទួលប្រាក់ចំណូលច្រើនជាង។

ស្ត្រីហេនងៀនកសិកររស់នៅភូមិកូនសត្វឃុំកូនសត្វស្រុកទឹកឈូខេត្តកំពតបានរៀបរាប់ថាកន្លងមកស្រែដែលពួកគាត់កំពុងដាំអំពៅនេះសម្រាប់តែបង្កបង្កើនផលស្រូវតែប៉ុណ្ណោះ។ដោយយល់ឃើញថាការដាំដំណាំអំពៅអាចរកប្រាក់ចំណូលបានច្រើននិងងាយស្រួលក្នុងការថែទាំទើបក្រុមគ្រួសារសម្រេចចិត្តប្តូរពីធ្វើស្រូវមកដាំអំពៅវិញ។

ម្ចាស់ដំណាំអំពៅបានបន្តថាការដាំអំពៅនៅក្នុងឃុំកូនសត្វនេះមានតាំងពីសម័យបុរាណដោយទម្លាប់ដាំតៗគ្នារហូតដល់បច្ចុប្បន្ន។ កាលសម័យមុន អ្នកភូមិចូលចិត្តដាំអំពៅនៅលើដីទួល ដីដំបូក ឬចម្ការ ប៉ុន្តែសព្វថ្ងៃភាគច្រើនពង្រីកមកដាំដល់ក្នុងស្រែព្រោះបានប្រាក់ចំណូលច្រើន ជាងការធ្វើស្រូវ។

កសិករហេនងៀនបានបញ្ជក់ថាការដាំអំពៅមានភាពងាយស្រួលមិនពិបាកស្មុគស្មាញគឺអ្នកណាក៏អាចដាំបានដែរ។អំពៅដាំក្នុងស្រែទទួលបានផលល្អពិសេសចាប់ផ្តើមដាំនារដូវច្រូតកាត់ស្រូវរួច។ពេលអំពៅធំខ្ពស់គឺចំវេលាមានភ្លៀងធ្លាក់កក់ខែហើយទឹកក៏មិនលេចដែលបណ្តាលឱ្យងាប់ស្អុយរលួយដែរ។ និយាយរួមទម្រាំរដូវប្រមូលផលមកដល់ អំពៅចាស់ល្អ មានទឹកច្រើន និងរសជាតិ ផ្អែមឈ្ងុយឆ្ងាញ់ ហើយបានតម្លៃខ្ពស់ទៀតផង។

ម្ចាស់ចម្ការអំពៅបានប្រាប់អំពីវិធីថែទាំថានៅពេលអំពៅចាប់ផ្តើមលូតលាស់ធំត្រូវបាញ់ថ្នាំស្មៅនិងដាក់ជីបន្តិចបន្តួចព្រមទាំងសកស្លឹកចេញពីដើម។លុះពេលអំពៅមានអាយុ៧ខែទៅ៨ខែឈ្មួញចាប់ផ្តើមចុះមកកក់លុយដល់កន្លែងតែម្តង។ការដាំអំពៅគឺបានលុយដុំហើយទទួលចំណូលទ្វេដងបើប្រៀបធៀបនឹងការស្រូវ។

តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាឃុំកូនសត្វចែកចេញជាបួនភូមិដែលមានពលរដ្ឋជាង៦.០០០នាក់ជាមួយផ្ទៃដីធ្វើស្រែចម្ការទំហំជាង២.៥០០ហិកតា។បច្ចុប្បន្នផ្ទៃដីទាំងនោះភាគច្រើនគ្របដណ្តប់ដោយដំណាំដាំដុះផ្សេងៗ ពិសេសដំណាំអំពៅតែម្តង៕S/
