សហភាព​អឺរ៉ុប​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ​លើ​ផ្នែក​ខ្លះ​នៃ​ទំនិញ​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​

353
ចែករម្លែក

ដោយៈ​ពិស្តារ​/​ភ្នំពេញៈ គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ​២០២០ បានសម្រេច​ដក​ផ្នែក​អនុគ្រោះ​ពន្ធ​ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា​ក្រោម​គម្រោង​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ឬ​អ៊ី​ប៊ី​អេ​(EBA)​លើ​ផ្នែក​ខ្លះ​ដោយសារតែ​ការចោទប្រកាន់​អំពី​ការរំលោភ​ប្រព័ន្ធ​មួយចំនួន​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណកម្មកា​រ​អឺរ៉ុប នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​។​
​យោងទៅតាម​ការសម្រេច​ចិត្ត​នេះ​វា​នឹង​ប៉ះពាល់​ដល់​ផលិតផល​មួយចំនួន​ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប លើ​មុខទំនិញ​មួយចំនួន ដែល​រួមមាន​ផ្នែក​ខ្លះ​នៃ​សម្លៀកបំពាក់​និង​ស្បែកជើង ព្រមទាំង​ផលិតផល​នៅក្នុង​ការធ្វើដំណើរ និង ផលិតផល​ស្ករស​។
​ប្រភព​ដដែល​បាន​បន្តទៀតថា ការសម្រេច​ដក​នេះ​មាន​ទំហំ ប្រហែល​មួយ​ភាគ​ប្រាំឬប្រមាណ២០ភាគរយឬ១០០០លានអឺរ៉ូនៃ​តម្លៃ នាំចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។
​ប្រភព​ដដែល​បាន​បន្តថា ការសម្រេចចិត្ត​ដក​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១២ ខែសីហា​ឆ្នាំ ២០២០​ខាងមុខ ។


​រហូតមកដល់​ពេលបច្ចុប្បន្ន សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ដែល​ស្មើនឹង ៤៥ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា ។ នេះ​បើតាម​តួលេខ​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​អះអាង​នៅ​ដោយ​ផ្អែកលើ​តួលេខ​កាលពី​ក្នុង​ឆ្នាំ ២០១៨ ។ ការនាំចេញ​ទៅកាន់​សហ​ភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើងដល់ ៥,៤ ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ ២០១៨ ពោលគឺ​ច្រើនជាង​ទ្វេដង​នៃ​ទឹកប្រាក់ ២,៥ ពាន់​លាន​អឺរ៉ូ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៣ ។
​ប្រភព​ដដែល​បាន​បន្តថា ទំនិញ​កម្ពុជា​ប្រមាណ ៩៥,៧ ភាគរយ​នៃ​ការនាំចេញ បាន​ចូលទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយសារតែ​ការអនុគ្រោះ​ពន្ធ ដែលមាន​តម្លៃ​សរុប ៥,២ ពាន់​លាន​អឺរ៉ូ ក្នុងចំណោម​ទំនិញ​កម្ពុជា​នាំចូល​មានតម្លៃ​សរុប ៥,៤ ពាន់​លាន​អឺរ៉ូ ។​
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន ​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ថា សហភាព​អឺរ៉ុប​បានសម្រេច​ហើយ ក្នុង​ក្របខ័ណ្ឌ​ត្រឹម ២០​ភាគរយ​ទេ ហើយ​២០​ភាគរយ​នេះ សំដៅ​ទៅលើ​មុខព្រួញ​វាយនភណ្ឌ​សម្ភារៈ​ផលិតផល​កាត់ដេរ ស្បែកជើង និង​ផលិត​សម្រាប់ធ្វើ​ដំំ​ណើ​រ​។ លោក​យល់ថា ក្នុង​កម្រិត​២០​ភាគរយ​មិនជា​ការ​ធ្ងន់ធ្ងរ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតឡើង ដោយសារ​ការព្យួរ​មួយផ្នែក​តូច​នេះ​ទេ​។​
​លោក​បាន​បញ្ជាក់ថា “​រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហើយ មិនមែន​តែ​ក្នុង​ក្របខ័ណ្ឌ​ត្រឹម​២០​ភាគរយ​នឹង​ទេ គឺ​ត្រៀមលក្ខណៈ​១០០​ភាគរយ​តែម្តង ។​ដូច​ថា​យើង​ទៅ​ប្រដាល់​យើង​ហាត់​មិនមែន​វ៉ៃ​ត្រឹមតែ​បី​ទឹក ឬ​ប្រាំ​ទឹក​ទេ ពេលណា​ដែល​វ៉ៃ​ប្រាំ​ទឹក យើង​ហាត់​ដល់​១០​ទឹក ឬ​២០​ទឹក​ឯណោះ ដើម្បី​យើង​ធានាបាន​នូវ​បញ្ហា​ប្រឈម កើត​ឡើង​។ ដូចជា​អត់​មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​”​។​
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ទៀតថា “​ទន្ទឹមនឹង​ការដាក់​ព្យួរ​ប្រព័ន្ធ EBA មក រាជរដ្ឋាភិបាល​ក៏បាន​ធ្វើ​សកម្មភាព​យ៉ាង​បន្ទាន់​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​ក៏មាន នៅក្នុង​សមាគម​អាស៊ាន​ក៏មាន នៅក្នុង​ប្រទេស​នៅ​អាស៊ី​ក៏មាន ចំណុច​ដែល​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ក្រៅពី​ក្របខ័ណ្ឌ អ៊ី​យូ​(EU )​លោក​យល់ថា វា​អាច​នឹង​មានបាន​លទ្ធផល​ដើម្បី​ទប់ទល់​ចំនួន ២០​ភាគរយ​នឹង​បាន​”​។​
​កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាសថា កម្ពុជា​មិន​យក​អធិបតេយ្យ​របស់ខ្លួន​ទៅ​ឱនក្បាល​ដោះដូរ​ជាមួយនឹង​បញ្ហា​អ៊ី​ប៊ី​អេ​ឡើយ​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ថា​ក្រសួង​នឹងមាន​សេចក្តីថ្លែងការណ៍​អំពី​បញ្ហា​នេះ​៕​សរន​