តារារិទ្ធ/ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសារាចរមួយ ដាក់ចេញវិធានការចំនួន ៥ចំណុចដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ។
សារាចរបានឱ្យដឹងថា វិធានការទាំង៥នោះ រួមមាន៖១៖ដោយការងារសិទ្ធិមនុស្សជាការងារអន្តរវិស័យ គ្រប់ក្រសួង ស្ថាប័នរដ្ឋបាលរាជធានីខេត្តនិងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ត្រូវសហការឱ្យបានជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានជាអាទិ៍ការងារស្រាវជ្រាវអប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្សការងារទទួលនិងដោះស្រាយពាក្យបណ្តឹងនិងការងារស៊ើបអង្កេតនិងត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារនិងកន្លែងឃាត់ខ្លួននិងឃុំខ្លួនផ្សេងៗទៀត។
២៖គ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានី-ខេត្តនិងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ត្រូវធ្វើការសហការឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ក្នុងដំណើរការរៀបចំរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិមានជាអាទិ៍ការផ្តល់ព័ត៌មាននិងទិន្នន័យការចូលរួមកិច្ចប្រជុំនិងការផ្តល់របាយការណ៍ឆ្លើយតបឲ្យបានទៀងទាត់តាមកាលកំណត់។
៣៖គ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តនិងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ត្រូវសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាទៅនឹងរបាយការណ៍ទាំងឡាយពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
របាយការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងរបាយការណ៍សិទ្ធិមនុស្សកម្ពុជាដទៃទៀតដែលពាក់ព័ន្ធនឹងសមត្ថភាពរបស់ខ្លួន។៤៖ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំបញ្ជូនតំណាងចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្សតាមសន្ធិសញ្ញានីមួយៗនៅអង្គការសហប្រជាជាតិ តាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
៥៖តាមសំណើរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រីស្នើសុំថវិកាក្នុងកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនប្រតិភូតំណាងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្ជាជាតិសម្រាប់ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងប្រតិភូតំណាងក្រសួងស្ថាប័នដែលចាំបាច់។
ពាក់ព័ន្ធនឹងវិធានការទាំង៥ចំណុចនេះលោកជិនម៉ាលីនអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែផ្តល់តម្លៃខ្ពស់និងយកចិត្តទុកដាក់ដល់ការងារសិទ្ធិមនុស្សនៅកម្ពុជា។លោកចាត់ទុកថានេះជារបត់ថ្មីនៃការងារនិងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកើតចេញពីស្នាដៃនិងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕S/