ដោយ : អ្នកតាមដាន នយោបាយ​តុ​កាហ្វេ​
​នៅ​ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២០ នេះ សហភាព​អឺរ៉ុប បានសម្រេច​ព្យួរ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ​(EBA) ពី​កម្ពុជា ហើយ​ការព្យួរ​នេះ​ក៍​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ជាសំខាន់​ដល់​សេដ្ឋកិច្ចកម្ពុជា​នោះឡើយ​។ ម្យ៉ាង​វី​ញ​ទៀត ទំនិញ​កម្ពុជា​ទាំងនេះ​ក៏​នឹងត្រូវ​ចាប់​អនុ​វ​ត្ក​ការបង់ពន្ធ​នេះ​នៅ​ខែសីហា ២០២០​ឯណោះ​។


​តាមពិតទៅ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិត​គូរ​រៀបចំ​ការត្រៀមខ្លួន​រួចរាល់​បាត់អស់​ទៅ​អស់ហើយ តាំងពី​៤~៥​ឆ្នាំ​មុននេះ មកម្ល៉េះ​ដើម្បី​ធ្វើ​ឲ្យ សេដ្ឋកិច្ច​របស់ខ្លួន​អាច រស់​ដោយ​កម្លាំង​ខ្លួនឯងបាន ដោយ​មិនបាច់​ពឹងពាក់​លើ​ភាព​អាណិតអាសូរ ឬ​ភាពអនុគ្រោះ​របស់​បរទេស ទៀត​នោះឡើយ​។
​ប្រភពពី​ផ្ទៃក្នុង​របស់​ក្រសួង​ហិរញ្ញវត្ថុ​បានបញ្ជាក់ យ៉ាងច្បាស់​ថា «​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងការ​ចាក់គ្រឹះ​សេដ្ឋកិច្ចជាតិ ពីព្រោះ​រដ្ឋាភិបាល​បានដឹង​ច្បាស់​ណាស់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹងត្រូវ​បាត់បង់​ជា​ស្វ័យប្រវត្តិ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដោយសារ​កម្ពុជា​យើង​បាន​ចាក​ចេញពី​ស្ថាន​ភាពជា​ប្រទេស​ក្រីក្រ​ហើយ និង​ទទួលបាន​ឋានៈ​ជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កម្រិត​ទាប​កម្រិត​និង​កំពុង​ត្រៀមខ្លួន​ក្លាយជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កំ​រឹត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០ »​។


​ខ្ញុំ​កត់សំគាល់ឃើញ​ដែរ​ថា លោក ហ៊ុន សែន ពិតជា​បានគិត​គូរ ហ្មត់ចត់​ក្នុងកា​រៀបចំ​ចាត់ចែង​ការគ្រប់គ្រង​សេដ្ឋកិច្ច​តាំងពី​យូរ មកហើយ​មែន​។ ដោយសារតែ​ការត្រៀមខ្លួន​ជាមុន​នេះហើយ​បានជា​មកដល់ពេលនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន មាន​ភាព​ហ្នឹង​នរ​ក្នុង​ចិត្ត ហើយ​ជំហរ​របស់គាត់​កាន់តែ​រឹងមាំ​ម៉ឺងម៉ាត់​ដាច់ខាត​ចំពោះ​មុខការ​គំរាម​ដាក់​សម្ពាធ​ទណ្ឌកម្ម​និង​ការព្យួរ EBA នេះ​។ ខ្ញុំ​ក៏​កត់សំគាល់ឃើញ​ដែរ​ថា ការត្រៀមខ្លួន​របស់ រដ្ឋាភិបាល​ពិតជា​បានទទួល​លទ្ធផល​ផ្លែផ្កា​ជាច្រើន និង​លឿន​ជាង​ការរំពឹងទុក​ទៅទៀត​។


​ជាក់ស្តែង នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ ចំណូល​បាន​កើន ទៅដល់ ២៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុងនោះ ជាង ២២% បានមកពី​ពន្ធដារ​។ នេះ​គឺជា​ចំណូល​ខ្ពស់​មិនធម្មតា សម្រាប់​ប្រទេស​តូច​មួយ​ដូច​កម្ពុជា​។ នេះ​ក៏​ជា​ចំណុចខ្លាំង​របស់​កម្ពុជា​ដែល​ធ្វើ​ការងារ​សេដ្ឋកិច្ច​បានល្អ និង​ទទួលបាន​ការកោតសរសើ​រ​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ជាច្រើន​។
​រីឯ​ការចំណាយ​វិញ​គឺ​តិចជាង​ការគ្រោងទុក​ជានិច្ច​។ បញ្ហា​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា វិន័យ​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​គឺ​គ្រប់គ្រង​បានល្អ​ពីព្រោះ​ចាយ​មិនដែល​លើស ប៉ុន្តែ ការរកចំណូល​វិញ​គឺ​តែងតែ​លើស​ផែនការ​រហូត​ដែល​ធ្វើ​ឲ្យ​ប្រាក់​សន្សំ​កើនឡើង​ជានិច្ច​។


​ឆ្នាំ​២០១៩​កន្លងទៅនេះ អតិរេក​ចរន្ត​បាន​ឡើងដល់ ៨% នៃ GDP គឺ​លើសពី​ការគ្រោងទុក​ដែលមាន​ត្រឹមតែ ២ ឬ​៣% នៃ GDP តែប៉ុណ្ណោះ​។ ចំណែកឯ​ឱនភាព​ទូទៅ​នៃ​ថវិកាជាតិ​សឹងតែ​ស្មើ​សូន្យ (០)​ក្នុង​ឆ្នាំ ២០១៩ ខណៈដែល​រាល់​ឆ្នាំ​ឱនភាព​នេះ​ស្ថិតក្នុង​រង្វង់ ៣%​។
​ក្នុង​ឆ្នាំ​២០១៩​នេះដែរ កំណើន សេដ្ឋកិច្ចកម្ពុជា​ស្ថិតក្នុង​រង្វង់ ៧% ដែលជា​កំណើន​ខ្ពស់​ជាងគេ មិន​ត្រឹមតែ​ក្នុង​អាស៊ាន​ទេ ប៉ុន្តែ គឺ ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​តែម្តង​។ ជាពិសេស​គឺ​ឆ្នាំ​២០១៩ ដែល​សេដ្ឋកិច្ចពិភពលោក​ធ្លាក់​ទាំងអស់ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​មិន​ត្រឹមតែ​មិន​ធ្លាក់​បែរជា​កើនឡើង​ទៅវិញ​។ ក្នុងន័យ​ដូច​បាន លើកឡើង​ខាងដើម​នេះ ហើយ​ដែល​ខ្ញុំ​យល់ថា លោក ហ៊ុន សែន​បាន​រំពឹងទុក​ជាមុន រួចស្រេច​ប្រកបដោយ​ភាព​ជឿជាក់ថា បើទោះបីជា​បាត់​EBA​ទាំងស្រុង ក៏​សេដ្ឋកិច្ចកម្ពុជា​មិន​ដួលរលំ​ដែរ យ៉ាងច្រើន​បំផុត​គឺអាច​ត្រឹមតែ​បន្ថយល្បឿន​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​តែប៉ុណ្ណោះ​។​


​ឥឡូវនេះ EBA ត្រូវបាន​ព្យួរ​តែមួយ​ផ្នែក​តូច​ប៉ុណ្ណោះ ! ដូច្នេះ កង្វល់​និង​ការ​ព្រួយ​បារ​ម្ម​អំពី​ផល ប៉ះពាល់​ក៏​ស្ថិតនៅក្នុង​រង្វង់​ដែល​រដ្ឋាភិបាល​ភ្នំពេញ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ពីព្រោះ​វិធានការ ដោះស្រាយ​ទុកជាមុន​ត្រូវបាន រៀបចំ​រួចទៅហើយ​។​
​ម្យ៉ាងទៀត ការបាត់បង់ ឬ ព្យួរ EBA មិនមែនជា​ការបាត់បង់​ទីផ្សារ​នោះទេ​ពោលគឺ ទំនិញ​គ្រប់យ៉ាង​ពី​ស្រុក​ខ្មែរ​យើង នៅតែ​អាច​បន្ត​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​បាន​ដូច​ធម្មតា ដោយ​គ្រាន់តែ​ត្រូវ​បង់ពន្ធ​ដូច​គេឯង​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ​ការបាត់បង់ EBA មួយផ្នែក​តូច នេះ​អាចបំពេញ​មកវិញ​បាន ដោយ​មិនចាំបាច់​ប្រើ​កញ្ចប់​ថវិកា​ត្រៀម​បម្រុង​របស់​រដ្ឋាភិបាល​ក៏​ថា​បានដែរ​ដោយ​គ្រាន់តែ​បង្កើន​ភាព​ប្រកួតប្រជែង​ឲ្យ​បាន​ខ្លាំង​គឺអាច​រក្សា​ទីផ្សារ​បាន​ហើយ​។ ជាក់ស្តែង ទីផ្សារ​អង្ករ​កម្ពុជា​ទៅ សហភាព​អឺរ៉ុប​នៅតែ​អាច​រក្សា ហើយ​កើនឡើង​ថែមទៀត​បាន​ក្រោយ​ពេលដែល​អឺរ៉ុប​សម្រេច​ឲ្យ​យើង​បង់ពន្ធ​។


​ដូច្នេះ គេ​រំពឹងថា ទីផ្សារ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ពី​ស្រុក​ខ្មែរ​យើង​ក៏​នៅតែ​អាច​នាំ​ចូលទៅ​អឺរ៉ុប​បាន ដដែល​ទោះជា​ត្រូវ​បង់ពន្ធ​ក៏ដោយ​។​
​សូម​កត់សម្គាល់ថា ចំណុចខ្លាំង​របស់​កម្ពុ​ជា គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែលជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​គ្រប់​វិស័យ​ផ្សេងទៀត​។ ហេតុ​ដូច្នេះហើយ​បានជា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​ផ្តល់​តម្លៃ​ខ្លាំង​បំផុត​ដល់​សន្តិភាព​។ ជាក់ស្តែង ចូលដល់​ឆ្នាំ​២០២០ នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ពាក្យស្លោក​មួយ​ថា «​អរគុណ​សន្តិភាព​» ដើម្បី​ធ្វើជា សូរ​ជួង​ពញ្ញាក់​ស្មារតី ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មើលឃើញ​ពី​តម្លៃ​សន្តិភាព និង​កុំ​ឲ្យ​ភ្លេចខ្លួន នាំ​ឲ្យ​ជន​ជ្រុលនិយម​ឆក់​ឱកាស បង្កចលាចល​សង្គម និង​ទាញ ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ ចលាចល ឬ​ក្នុង​សង្គ្រាមស៊ីវិល​ជា​ថ្ម​។ ខ្ញុំ​ក៏បាន​សង្កេតឃើញថា ពាក្យ «​អរគុណ​សន្តិភាព​» នេះ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​យើង​លើក​មក និយាយ​គ្រប់​មាត់​ដែលជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ពួកគេ​ពិតជា​ផ្តល់​តម្លៃ​ដល់​សន្តិភាព​។​


​ដោយសារ​សន្តិភាព ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​មានឱកាស​បង្កើន​ជីវភាព​កាន់តែ​ប្រសើរ​ពីមួយ​ឆ្នាំ​ទៅមួយ ឆ្នាំ​។ ជីវភាព​ពលរដ្ឋ​ប្រសើរ ទំនិញ​សព្វសារពើ​លក់​កាន់តែ​ដាច់ ការ​នាំចូល​កាន់តែ​កើន រីឯ​កម្លាំងផលិតកម្ម​ក្នុងស្រុក​កាន់តែខ្លាំង​។ ទាំងនេះ​ជា​ចលករ​ដែល​ជំរុញ​ឲ្យ​ចំណូល​សេដ្ឋកិច្ចជាតិ​ក៏​កើនឡើង​តាម​នោះដែរ​។ កំណើន​ជីវភាព​របស់​ពលរដ្ឋ​បានធ្វើ​ឲ្យ​ពួកគេ​សប្បាយរីករាយ​និង​រស់ក្នុង​ភាព​ស៊ីវីល័យ​កាន់តែខ្លាំង​មិន​ខុសពី​ពលរដ្ឋ​ក្នុង​បណ្តា​ប្រទេសជិតខាង​និង​ក្នុង​តំបន់​ឡើយ​។ ពួកគេ​រស់នៅក្នុង​មោទនភាព និង​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​កិត្យានុភាព​ជាតិ ក៏ដូចជា​លើកស្ទួយ​អធិបតេយ្យភាព​ជាតិ​កាន់តែ​រឹងមាំ​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​កំសត់កម្រ ប៉ុន្តែ​ពេលនេះ​អាចរ​ស់បាន ដោយ​កម្លាំង​ខ្លួនឯង​ដោយ​មិន ចាំបាច់​ពឹង​លើ​បរទេស​ទៀត​ទេ ពោលគឺ​ពលរដ្ឋ​ខ្មែរ សម័យនេះ​មិន​រស់នៅ​ដោយ​យក​ភាព​អាណិតអាសូរ​របស់​បរ​ទេស​ធ្វើជា​ដើមទុន​ទៀតឡើយ​។​


​ផ្ទុយទៅវិញ ពួកគេ​កំពុង​រស់​ដោយ​ស្មើមុខ​មាត់​ជាមួយ​គ្រប់​ជាតិ​សាសន៍​ដោយ​ចាត់ទុក បរទេស​ទាំងអស់​ជា​មិត្ត ឬ​ជា​ដៃគូ វិនិយោគ​ស្មើភាព​គ្នា គឺ​មិនមែនជា​ចៅហ្វាយ​របស់​ខ្មែរ​ឡើយ​។​
​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែមាន​មោទនភាព​ចំពោះ​ភាពរឹងមាំ​នៃ​រដ្ឋ​អធិបតេយ្យ​ជាតិ និង​ដោយ​ឃើញ​កំណើនសេដ្ឋកិច្ច​ខ្ពស់ រដ្ឋាភិបាល​ឯណោះ​វិញ​ក៏​កំពុង​ដុតដៃដុតជើង​យ៉ាងខ្លាំង​ក្នុងការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ក្នុង​គ្រប់​វិស័យ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​ក្លាយជា​រដ្ឋ​ដែលមាន​សេដ្ឋកិច្ច​ខ្លាំង មាន​កម្លាំង​ធនធានមនុស្ស​សម្បូរបែប ។រី​ ​ឯ​ការដឹកនាំ​កាន់តែ​មាន​តម្លាភាព និង​គណនេយ្យភាព​។ ដោយ​ផ្អែកលើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សព្វថ្ងៃ ប្រព័ន្ធគ្រប់គ្រង​ថវិកា​របស់​កម្ពុ​ជាមាន​សភាព​រឹងមាំ​គួរ​ជាទី​កក់ក្តៅ​។ គួបផ្សំ​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា​ក៍​កាន់តែ ពង្រឹង​បាន​ថែមទៀត​។


​បន្ថែម​ពីលើ​កំណែទម្រង់​ស៊ីជម្រៅ​ទាំងឡាយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការរក្សា​ទីផ្សារ​ចាស់​និង​បើក ទីផ្សារ​ថ្មី​។ ក្នុង​គោលដៅ​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ជាមួយ​កូរ៉េខាងត្បូង​នឹងត្រូវ​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​នេះ​។
​ការវិនិយោគ​ផ្ទាល់​ថ្មីៗ​ទៀត​របស់​ចិន​ដែល​សន្យា​ដោយ​លោក ស៊ី ជីន​ភីង ក៏​នឹង​មក​បំពេញបន្ថែម​ធ្វើ​ឲ្យ​សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​ហក់​ឡើង​មួយកម្រិត​ទៀត​។ ការវិនិយោគ​ផ្ទា​ល់ពី​ប្រទេស​ផ្សេងទៀត ក្នុងនោះ​ក៏មាន​សហរដ្ឋអាមេរិក​ផងដែរ​បាន​ចូល មកជា​បន្តបន្ទាប់ និង​បន្ត​ចូលមក​កម្ពុជា​កាន់តែច្រើន​។ ហើយ​បើ ងាក​ទៅ​មើល​ការវិនិយោគ​ពី​ជប៉ុន​វិញ ផ្សារ​ទំនើប Aeon 3 នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះដែរ​។
​សរុបទៅ មហារ​អំណាច សេដ្ឋកិច្ច​លំដាប់​កំពូលៗ​របស់​ពិភពលោក​កំពុង​បន្ត​នៅ​ជាមួយ​កម្ពុជា​ទាំងអស់​។ ហើយ​ទាំងអស់នេះ​ជា​ចំណុចខ្លាំង​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មានការ​កក់ក្តៅ​ក្នុង​ចិត្ត​យ៉ាងខ្លាំង​។​


​ផ្ទុយទៅវិញ អ្នក​ខំប្រឹង​បំផ្លាញ​កម្ពុជា ហើយ​កំពុង​រង់ចាំ​ទះដៃ​អបអរ ពេល​ឃើញ​សេដ្ឋកិច្ចកម្ពុជា​ដួលរលំ​ក្រោយពេល​សហភាព​អឺរ៉ុប​ព្យួរ EBA នោះ ប្រាកដជា​នឹងត្រូវ​ខកចិត្ត​កប់យោបល់​និយាយ​លែងចេញ ហើយ ពីព្រោះ ម្យ៉ាង EBA ត្រូវបាន​ព្យួរ​តែមួយ​ផ្នែក​តូច ប៉ុណ្ណោះ​។ រីឯ​ម្យ៉ាងទៀត សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​ស្គាល់​
​ស្ថេរភាព​និង​ភាពរឹងមាំ​ជាង​ពេលណាៗ​ទាំងអស់ ក្រោម​ការ​កាច់ចង្កូត​នាវា​របស់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល​យើង ទាំងអស់គ្នា​ស្គាល់​ច្បាស់​ថា គឺជា​មេដឹកនាំ «​ស្គាល់​កាលៈទេសៈ ~ ស្គាល់​កំលាំង​ខ្លួនឯង និង​កម្លាំង​សត្រូវ ~ មិន​ហក់លោត បើ​ចន្ទល់​មិន​រឹងមាំ ~ មិន​ធ្វើ​អ្វី​ដោយ​គ្មាន​ផែនការ​និង​ការត្រៀម​បំរុង​ទុកជាមុន និង​មិនអោយ​អ្នកណា​ដឹង​អំពី​សន្លឹក​បៀរ​លាក់​ក្នុង​ដៃ​អាវ​ក៏ដូចជា​ជំ​ហ៊ាន​ដែល​ត្រូវ​ដើរ​»​។ ប្រៀប​ខ្លាំង​របស់លោក ហ៊ុន សែន បានធ្វើ​ឲ្យ​អ្វីដែល​ក្រុមប្រឆាំង​ហៅថា​” ២​ដៃ ១​ជើង ” នឹងត្រូវ​បរាជ័យ​ទាំងស្រុង​ជាថ្មី​ម្តងទៀត​។​
​ជារួម គេ​អាច​និយាយ​ក្នុង​ភាព​ជឿជាក់ថា សេដ្ឋកិច្ចកម្ពុជា​មិន​ដួលរលំ​ឡើយ​ទោះជា​គ្មាន EBA ក៏ដោយ​។ មិន​ត្រឹមតែ​មិន​ដួលរលំ ប៉ុន្តែ ការបាត់បង់ EBA បាន​ក្លាយជា​ឱកាស​ដែល​អោយ​កម្ពុជា​ប្រឹងប្រែង​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ខ្លួនឯង​ដើម្បី​ឈានទៅ​កាត់បន្ថយ​ទាំងស្រុង​ការពឹង​ពាក់​លើ
​ភាពអនុគ្រោះ​របស់​បរ​ទេស​៕សរន