ដោយៈអង្គរតូច/សៀមរាប៖អាជ្ញាធរជាតិអប្សរានឹងដាក់តាំងបង្ហាញសមិទ្ធផលរបស់ខ្លួនដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំដល់មហាជននៅទីតាំងចំនួនពីរក្នុងរមណីយដ្ឋានអង្គរ។អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរាលោកឡុងកុសលបានថ្លែងក្នុងសន្និសិទកាសែតនៅមុខប្រាសាទអង្គរថាអាជ្ញាធរអប្សរាបានត្រៀមរួចរាល់ហើយសម្រាប់ការដាក់តាំងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានពីការអនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២៥ឆ្នាំកន្លងមកនេះ។

ចំពោះទីតាំងដែលត្រូវដាក់បង្ហាញមានចំនួនពីរទី១នៅមុខប្រាសាទអង្គរវត្តនិងទី២នៅបរិវេណព្រលានជល់ដំរី ដែលធ្វើឡើងចំនួនប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់២២ខែកុម្ភៈឆ្នាំ២០២០។ លោកបាន លើកឡើទៀតថាក្នុងរយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាគឺយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ ។

ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរការជួសជុលនិងកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានាជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥នៃរមណីយដ្ឋានអង្គរ។ទាំងអស់នេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួលនិងរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរានឹងរៀបចំស្តង់ផ្តល់ព័ត៌មានដោយដាក់មន្ត្រីជំនាញនៅប្រចាំដើម្បីឆ្លើយសំណួរទូទៅស្តីពីសមិទ្ធផលបញ្ហាប្រឈមនិងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ។ក្រៅពីអញ្ជើញសាធារណជនទាំងអស់ចូលរួមទស្សនាព្រឹត្តិការណ៍ឱ្យបានច្រើនកុះករអ្នកនាំពាក្យរូបនេះក៍បានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០២០នេះអាជ្ញាធរអប្សរានឹងប្រែក្លាយទីធ្លាមុខប្រាសាទអង្គរឱ្យទៅជាសួនពណ៌បៃតង។
មានន័យថាអ្នកលក់ទាំងអស់មិនថាលក់ជុំវិញមាត់ត្រពាំងសេសឬលក់ចល័តនោះទេត្រូវប្តូរទីតាំទៅកន្លែងថ្មីដែលបានរៀបចំទុកដោយអាជ្ញាធរអប្សរា។លោកបញ្ជាក់ថាទាំងអស់នេះគឺដើម្បីលើកស្ទួយសោភ័ណភាពរមណីយដ្ឋានបេតិកភណ្ឌ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ គ្រប់ជាតិសាសន៍ សម្រាប់ការចូលមកទស្សនាប្រាង្គប្រាសាទផងដែរ៕S/
