ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុជា មានការសោកស្ដាយ​ចំពោះ សេចក្ដី សម្រេចដ៏​អយុត្តិធម៌ របស់​គណៈ កម្មការអឺរ៉ុប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​”(​អ៊ី​ប៊ី​អេ​,EBA) ដែល​អនុលោម​តាម​មាត្រា ១៩ នៃ បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP)​របស់​សហភាព​អឺរ៉ុប​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្សព្វផ្សាយ​នៅ​រាត្រី​ថ្ងៃទី​១២​ខែកុម្ភៈ​ ស្តីពី​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ​។​


​សេចក្តីថ្លែងការណ៍​បន្ត​ថា ទស្សនាទានស្តីពី “​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​” ដូច​បានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល ផ្តើមចេញពីការភាន់ច្រឡំ និង​ការយល់​ខុស អំពី តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ត្រូវ បាន​យកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បី ចាប់ផ្តើម​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​


​បើទោះជា​ផ្អែកលើ គុណ​តម្លៃ និង គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ របស់ សហភាព​អឺរ៉ុប ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ ត្រូវបាន​ជំរុញ​ដោយ​ហេតុផលនយោបាយ ដោយ​គ្មានការពិចារណា​ប្រកបដោយកត្ត សត្យានុម័ត និង ភាពមិនលំអៀង ។ កត្តាទាំងពីរនេះ គឺ ជាគោលការណ៍គ្រឹះ ដែល​ស្ថាប័ន អន្តរជាតិ តួយ៉ាង ដូចជា គណៈកម្ម​ការអឺរ៉ុប ត្រូវតែប្រកាន់​ខ្ជាប់ខ្ជួន ។ សេចក្តី សម្រេច​នេះ មិនមាន​អ្វី​ក្រៅពី​ការអនុវត្ត​ន៍ស្តង់ដារ​ទ្វេ នៅពេលដែលយើង ប្រៀបធៀប ប្រព្រឹត្ត​កម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយនឹងដៃគូពាណិជ្ជកម្ម​ដទៃទៀត​។ ទោះបីជាសេចក្តីសម្រេច​នេះ​បានទទួលស្គាល់ “ វឌ្ឍនភាព​ជាក់ស្តែង​” ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​នៅក្នុងវិស័យជាច្រើន ក្នុងការ ឆ្លើយតប​ទៅនឹង ក្តីកង្វល់​របស់ គណៈកម្មការ​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច នេះពុំបានទទួល ស្គាល់ និង គោរពបញ្ហា ជា​មូលដ្ឋាន នៃ អធិបតេយ្យរបស់កម្ពុជា ដែលពុំមែន ជា​កម្មវត្ថុ នៃការចរចា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ជា​កម្មវត្ថុ នៃការ ផ្លាស់ប្តូរ​ដើម្បី​ជំនួយ អភិវឌ្ឍន៍​នោះឡើយ ។ រាជរដ្ឋាភិបាល កម្ពុជា​ប្រកាន់ យ៉ាង​ម៉ឺងម៉ាត់ នូវ ជំហរ គោលការណ៍ ក្នុងការបដិសេធរាល់ការប៉ុនប៉ង ដោយដៃគូខាងក្រៅ ក្នុងការប្រើ ប្រាស់ ពាណិជ្ជកម្ម ឬ ជំនួយអភិវឌ្ឍន៍ ដើម្បី​ជាលេស​ក្នុងការ ជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ កម្ពុជា​។​

លើកលែងតែ ំណើរ ការ នៃ​នីតិវិធីតុលាការ​មួយគត់​ដែល កំពុង ត្រូវបានអនុវត្ត ដោយ អនុលោម យ៉ាងពេញលេញ តាមច្បាប់​កម្ពុជា និង​ស្ថិត នៅក្រោម យុត្តាធិការ នៃ អំណាច ឯករាជ្យ និង អធិបតេយ្យ របស់កម្ពុជា ក្រៅពីនេះ សកម្មភាព​ទាំង​អម្បាល​មាន របស់រាជរដ្ឋាភិបាល​កម្ពុជា​ដែល បានស្តែងចេញ ក្នុង ដំណាក់ កាលនៃ​កិច្ចសន្ទនា គឺមានខ្លឹមសារ គួរឱ្យ កត់សម្គាល់​លើស ពីអ្វី ដែល ជា ក្តីកង្វល់ របស់សហភាព​អឺរ៉ុប ទៅទៀត​។ ដោយឡែក​ចំពោះ បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ដែល គណៈកម្មការ អឺរ៉ុប​បាន​ទទួលស្គាល់ថា​មាន​វឌ្ឍនភាព​ជាក់លាក់នោះ ក៏ រាជរដ្ឋាភិបាល​នៅតែបន្ត ដោះស្រាយ​កង្វះខាត​នានា ដែល​នៅ​សេសសល់​បន្ថែមទៀត​ដែរ ។​

​ចំពោះ​លំហ​នយោបាយ​វិញ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង តាម ដែល អាចធ្វើ ទៅបាន ប្រកបដោយភាពស្មោះត្រង់ លើកលែងតែ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​នឹង អធិបតេ​យ្យ​ជាតិ​ប៉ុណ្ណោះ​។ ដើម្បី​ទុកជាកំណត់ ហេតុ និង​ឈរលើគោលការណ៍ តម្លាភាព កម្ពុជា​សូម​គូសបញ្ជាក់ថា កម្ពុជា តែងតែ ប្រកាន់ខ្ជាប់នូវប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​ដោយមាន​គណបក្សនយោបាយ​ចំនួន ២០ ចូលរួម​ក្នុងការ​បោះឆ្នោត​ចុងក្រោយបង្អស់ នៅ​ឆ្នាំ ២០១៨​។ បច្ចុប្បន្ននេះ ប្រទេស​កម្ពុ​ជាមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​សមាគម ដែល​បាន​ចុះបញ្ជី​ចំនួន ៥.៤៤១ ស្ថាប័ន​សារព័ត៌មាន​ចំនួន ៨០០ សារព័ត៌មាន​អន​ឡាញ​ចំនួន ៧០ ស្ថានីយទូរទស្សន៍​ចំនួន ២២ និង​ស្ថានីយ​វិទ្យុ​ចំនួន ៣៣០​។ កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តែ​បី​គត់​នៅ​អាស៊ាន ដែល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូលទាំង ៨ ក្នុង​វិស័យ ការងារ​របស់​អង្គការ ពលកម្ម អន្តរជាតិ (ILO) ដែល អនុញ្ញាត ឱ្យកម្មករ​មាន​សហជីព ចុះបញ្ជី​ដល់​ទៅ ៥.០៤៥ ។ តួលេខ​ទាំងអស់នេះ​មិនមែន​គ្រាន់តែ​ជា​ស្ថិតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ជា “ ភស្តុតាង​យ៉ាងច្បាស់​” ថា ប្រជាជន​កម្ពុជា​នៅពេលនេះ​កំពុង ទទួល​អំណរ ជាមួយ នឹងសេរីភាព​នយោបាយ លំហ​សង្គម​ស៊ីវិល និង​សេរីភាព​ដែល​គ្មាន​សេចក្តីរំខាន ។


​ទោះបី​ជាមានសេចក្តីសម្រេច របស់គណៈកម្មការអឺរ៉ុប​លើ​បញ្ហា​ពាណិជ្ជកម្មនេះ​ក្តី កម្ពុជា​នៅតែមាន ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរលើ​ស្មារតី នៃ​ការគោរព និង​ការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹង​ការបញ្ជាក់​សាជាថ្មី ពី​បំណង ប្រាថ្នាយ៉ាង​មុតមាំ​របស់ខ្លួនក្នុងការបន្ត​អនុវត្ត តាមប្រព័ន្ធប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់​៕​សរន​/Ha