យក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​រៀប​ចំការ​បោះតង់​នៅក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​ព្រៃ​ឡង់​

573
ចែករម្លែក
យក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​រៀប​ចំការ​បោះតង់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​តំណាងរាស្ត្រ មន្ត្រី​ក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​និង​បរិស្ថាន​សរុប​ចំនួន​ប្រមាណ​៥០០​នាក់​ នឹងចូលរួម​កម្មវិធី​បោះតង់​នៅ​ថ្ងៃទី​១៤ និង​១៥ ខែកុម្ភៈ ខាងមុខ នៅ​ទីស្នាក់ការ​ព្រះអាទិត្យ​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។

​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន​។​កម្មវិធី​បោះតង់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​« ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​» ឬ​ហៅថា Valentine’s Prey Lang ដើម្បី​បង្កើន​សេចក្តីស្រឡាញ់ និង​ការចូលរួម​ការពារ អភិរក្ស​ធនធានធម្មជាតិ ជីវ​​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ីនៅ​កម្ពុជា​និយាយ​ជារួម និង​ជាពិសេស​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ។​

តាមរយៈ​សារ​អេឡិចត្រូនិក ​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា “​ក្រសួងបរិស្ថាន សូម​អញ្ជើញ​ដៃគូ​អភិវឌ្ឍន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន​នានា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទាំងអស់គ្នា ដើម្បី​រួម​សាមគ្គី​គ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែល​ប្រទេស​កម្ពុជា​យើង​មាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​”​។

រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹងថា នៅក្នុង​កម្មវិធី​នោះ​នឹង​មានការ​បំបួស​ដើមឈើ និង​ការធ្វើ​បទ​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធនធានធម្មជាតិ ជីវៈចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​តំបន់​ព្រៃ​ឡង់​ដល់​អ្នកចូលរួម​ផងដែរ​។ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​បោះតង់​បរិស្ថាន ដើម្បី​បណ្តុះ​ស្មារតី​ស្រឡាញ់​ធនធានធម្មជាតិ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន និង​ដើម្បី​ជំរុញឱ្យមាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​។

​លោក​បន្តថា ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​គិតគូរ​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរ​ពី​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ ប្រកបដោយ​បរិស្ថាន​ល្អ​ស្អាត ធនធានធម្មជាតិ​ត្រូវបាន​ការពារ និង​មាន​ផាសុកភាព សម្រាប់​ការរស់នៅ របស់​ប្រជាពលរដ្ឋ ហើយ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា​។

យក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​រៀប​ចំការ​បោះតង់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន)

​គួរ​បញ្ជាក់ថា ព្រៃ​ឡង់​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតជា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅ​ឆ្នាំ ២០១៦​ស្ថិតនៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤៣ ម៉ឺន​ហិកតា​ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តចំនួន​បួន គឺ​ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង​ខេត្តក្រចេះ​។ កាលពី​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារ​សំខាន់​នេះ​។​

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ គឺជា​ការធ្វើ​ប្រជាធិបតេយ្យ​ក្នុងការ​ចែករំលែក​ការគ្រប់គ្រង និង​ការទទួលខុសត្រូវ​ជូន​ប្រជា​សហគមន៍​មូលដ្ឋាន​លើ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ក៏ដូចជា​ដើម្បី​អនុញ្ញាតឱ្យ​ប្រជា​សហគមន៍​មាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​និង​អាស្រ័យ​ផល​ធនធានធម្មជាតិ​ស្របតាម​ច្បាប់​ស្តីពី​តំបន់​ការពារធម្មជាតិ និង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​។

យក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​រៀប​ចំការ​បោះតង់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​(រូបថតក្រសួងបរិស្ថាន)


​លោក​បន្ថែមថា ​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដែនជម្រកសត្វព្រៃ​ សត្វព្រៃ​តា​តៃ ក្នុង​ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា​សរុប​ប្រមាណ ១១,៦ លាន​ដុល្លារ​អាម៉េរិក​។ ក្រុមការងារ​បច្ចេកទេស​ក៏​បាននិងកំពុង​សិក្សា​បន្ថែម​លើ​ទិន្នន័យ​កាបូ​ន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ហើយ​ជាមួយ​វិធានការ និង​ការពារ​បានល្អ​ប្រសើរ កម្ពុជា​រំពឹងថា​នឹង​អាចលក់​ឥណទាន​កាបូន​ក្នុងពេល​ឆាប់ៗ​ពី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។


​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា កាលដែល​កម្ពុជា​អាច​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាននេះ​គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ប្រសិទ្ធភាព​នៃ​ការការពារ​និង​អភិរក្ស​ដ៏​ប្រសើរ​លើ​ធនធានធម្មជាតិ ព្រៃឈើ​ដែលមាន និង​បង្កើន​ទំនុកចិត្ត​កាន់តែខ្លាំង​ថែមទៀត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព បទល្មើស​ធនធានធម្មជាតិ ទាំងឡាយ​ត្រូវបាន​បង្ក្រាប​ទាន់ពេលវេលា​។ គួរ​បញ្ជាក់ថា​ ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដីប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,២​លាន​ហិកតា​៕​សរន /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម