ក្នុងការខិតខំជាថ្មីដើម្បីទប់ទល់នឹងការខូចខាតសេដ្ឋកិច្ចកាន់តែច្រើនឡើង ប្រធានាធិបតីចិនលោកស៊ី ជីនពីង កាលពីថ្ងៃពុធទី១២កុម្ភៈ បានសន្យាកាត់បន្ថយពន្ធនិងផ្តល់ជំនួយផ្សេងៗដល់បណ្តាឧស្សាហកម្មណាដែលរងគ្រោះពីការផ្ទុះកូរ៉ូណាវីរុស។
ការប្រកាសរបស់មេដឹកនាំចិន កើតឡើងចំពេលបណ្តាក្រុមហ៊ុនប្រឈមការ ខាតបង់កាន់តែច្រើនឡើងដោយសារតែការបិទរោងចក្រ ការិយាល័យ ហាងនិងស្ថាប័នជំនួញផ្សេងៗក្នុងការចាត់វិធានការប្រឆាំងជំងឺជាទូទៅនិងយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់ត្រូវបានអនុវត្តតាំងពីមុនមក។
លោកស៊ី បានមានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិថា ចិនត្រូវការប្រតិបត្តិការសេដ្ឋកិច្ចមានស្ថិរភាពនិងភាពសុខដុមសង្គម។លោកបានអំពាវនាទៅគ្រប់រដ្ឋាភិបាលនិងគណៈកម្មាធិការបក្សគ្រប់កម្រិតថ្នាក់ខិតខំធ្វើការដើម្បីឈ្នះសង្គ្រាមប្រឆាំងនឹងកូរ៉ូណាវីរុសCOVID-19 ហើយក្នុងពេលជាមួយគ្នា ព្យាយាមសម្រេចឲ្យបានគោលដៅសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គមនៅឆ្នាំនេះ។
លោកស៊ី ដែលក៏ជាអគ្គលេខានៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកុំម្មុយនីស្តចិន បានធ្វើការអំពាវនាវដូច្នេះក្នុងពេលលោកធ្វើជាអធិបតីនៃកិច្ចប្រជុំមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សកុំម្មុយនីស្តចិនកាលពីថ្ងៃពុធ។
បើតាមលោកស៊ី វិធានការម៉ឺងម៉ាត់ឡើងគួរត្រូវប្រកាន់យកដើម្បីទប់វីរុស ជាពិសេសនៅតំបន់រងការវាយប្រហារខ្លាំង ឬប្រឈមខ្ពស់ នៅពេលការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឈានចូលដំណាក់កាលសំខាន់។
លោកថា ចាប់តាំងពីការផ្ទុះជំងឺឆ្លងនេះមក គ្រប់តំបន់និងគ្រប់ភាគីបានបូជាខ្លួនឯងដើម្បីសង្គ្រាមមួយនេះ ដោយបុគ្គលិកពេទ្យធ្វើការខ្លាំងជាងគេនៅខ្សែត្រៀមជួរមុខ។ជាថ្មីទៀត លោកបានអំពាវនាវឲ្យបុគ្គលិកសុខាភិបាលនិងអាជ្ញាធរខិតខំដាក់សុខភាពនិងសុវត្ថិភាពរបស់ប្រជាជនជាអាទិភាពកំពូល៕ប្រែសម្រួល៖វាសនា/Ha

ប្រធានាធិបតីស៊ី ជីនពីង សង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសCOVID-19