ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានច្រានចោលការព្រួយបារម្ភកាលពីថ្ងៃពុធទី១២កុម្ភៈអំពីហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដោយនិយាយថា ការសម្រេចចិត្តនេះនឹងជួយសន្សំប្រាក់របស់ពលរដ្ឋអាម៉េរិក។

កិច្ចព្រមព្រៀងកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ចឆ្នាំ ១៩៩៨ (VFA) បានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពអាម៉េរិកនៅហ្វីលីពីននិងសម្រាប់ការរៀបចំសមយុទ្ធយោធារួមគ្នា។

របបក្រុងម៉ានីលបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលជាចំណាត់ការមួយត្រូវស្ថានទូតអាម៉េរិកនៅក្នុងប្រទេសហ្វីលីពីនហៅថា “ជំហានដ៏ធ្ងន់ធ្ងរ” នោះ នឹងត្រូវរាប់ថយក្រោយក្នុងពេល ៦ ខែទៀតទម្រាំដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀង។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយលើកឡើងពីទំនាក់ទំនងល្អរបស់គាត់ជាមួយប្រធានាធិបតីហ្វីលីពីនថា “ប្រសិនបើពួកគេចង់ធ្វើដូច្នេះ នោះគឺជារឿងល្អ ព្រោះយើងនឹងសន្សំប្រាក់បានច្រើន”។

លោកឌុយទែតបានគំរាមតាំងពីការជាប់ឆ្នោតឆ្នាំ ២០១៦ របស់លោកដើម្បីបញ្ចប់សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ដោយមានចក្ខុវិស័យឆ្ពោះទៅរកការបង្កើតទំនាក់ទំនងជាមួយរុស្ស៊ីឬចិនជំនួសវិញ។

លោកបានលើកឡើងយ៉ាងច្បាស់ពីបំណងចង់បោះបង់ចោលកិច្ចព្រមព្រៀង VFA ម្តងទៀតនៅក្នុងខែមករា បន្ទាប់ពីសហរដ្ឋអាម៉េរិកបានលុបចោលទិដ្ឋាការធ្វើដំណើររបស់ព្រឹទ្ធសមាជិកនិងជាអតីតមេនគរបាលជាតិលោក រ៉ូណាល់ ដេឡា រ៉ូសា៕ ដោយ៖ កញ្ញាដាលីស

ត្រាំមិនបារម្ភរឿងហ្វីលីពីនលុបចោលកិច្ចព្រមព្រៀង VFA