សមាជិកសភាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគទុនសេរីដោយសំឡេងភាគច្រើន រវាងសហភាពអឺរ៉ុបនិងវៀតណាម។ក្រោមកិច្ចព្រមព្រៀងនេះភាគីទាំងពីរនឹងលុបចោលពន្ធស្ទើរតែទាំងអស់ក្នុងរយៈពេល១០ ឆ្នាំខាងមុខ។
បន្ទាប់ពីគណៈកម្មាធិការពាណិជ្ជកម្មសភាដ៏មានឥទ្ធិពលបានផ្តល់អនុសាសន៍កាលពីខែមុនថាកិច្ចព្រមព្រៀងទាំងនោះគួរតែត្រូវបានអនុម័តនោះ សមាជិកសភាបានយល់ព្រមគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកាលពីថ្ងៃពុធដោយ៤០១សំឡេងគាំទ្រទល់នឹង១៩២សំឡេងជំទាស់ និង៤០សំឡេងទៀតបោះអនុប្បវាទ។
សហគមន៍អ៊ឺរ៉ុបសង្ឃឹមថាកិច្ចព្រមព្រៀងទាំងនេះនឹងនាំឱ្យមានការនាំចេញបន្ថែមពីប្រទេសវៀតណាមទៅកាន់ទ្វីបនេះចំនួន១៥ពាន់លានអឺរ៉ូ (១៦,៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំក្នុងនៅយ៉ាងយូរត្រឹមឆ្នាំ២០៣៥ ហើយការនាំចេញរបស់អឺរ៉ុបទៅកាន់វៀតណាមកើនជាង៨ពាន់លានអឺរ៉ូ ដល់ប្រហែល២២ពាន់លានអឺរ៉ូ។
ប្រទេសវៀតណាមនាំចេញគ្រឿងបរិក្ខារទូរគមនាគមន៍ ស្បៀងអាហារ និងសម្លៀកបំពាក់ទៅអឺរ៉ុប ខណៈដែលបញ្ជីនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះគឺរួមមានគ្រឿងម៉ាស៊ីន គ្រឿងដឹកជញ្ជូន សារធាតុគីមី និងទំនិញកសិកម្ម។
លោក ហ្គ្រីត បួរស្វ័រ សមាជិកសភាទទួលបន្ទុកដឹកនាំធ្វើកិច្ចព្រមព្រៀងតាមរយៈសភានេះបាននិយាយថាកិច្ចព្រមព្រៀងទាំងនេះក៏កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសវៀតណាមផងដែរ នៅពេលមានការប្រកួតប្រជែងខ្លាំងពីប្រទេសចិននិងសហរដ្ឋអាម៉េរិក។
លោកបាននិយាយថា កិច្ចព្រមព្រៀងដែលមានទើបត្រូវបានអនុម័តនេះបង្ហាញឱកាសពិសេសមួយដើម្បីធ្វើឱ្យគោលដៅរបស់សហភាពអឺរ៉ុបទៅមុខដើម្បីក្លាយជាអ្នកដើរតួភូមិសាស្ត្រនយោបាយដែលការពារពាណិជ្ជកម្មពហុភាគី បដិសេធការគាំពារពាណិជ្ជកម្មនិយម និងការលើកកម្ពស់បទដ្ឋានកម្មករបរិស្ថាន និង សិទ្ធិមនុស្សនៅទូទាំងពិភពលោក ៕ប្រែសម្រួល៖សុខា/sn