សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃពុធ ថ្ងៃទី១២ ខែកុម្ភៈថា មនុស្ស បួននាក់ដែល បានរួចជីវិតពីការរសាត់អណ្ដែតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រយៈពេលមួយខែពេលនេះមាន សភាពធូរស្រាលហើយនៅ ហើយកំពុងស្ថិតនៅលើកោះសូឡូម៉ុង (Solomon Islands) បន្ទាប់ពីអ្នករួមដំណើរជាមួយពួកគេស្លាប់អស់ ប្រាំបី នាក់ រួមទាំងទារកម្នាក់ផង។
ក្រុមដែលមកពីខេត្តប៊ូហ្គេនវីល (Bougainville) ប្រទេសប៉ាពួ ញូវហ្គីណេ នេះបាននិយាយថា ពួកគេអាចរក្សាជីវិតបានដោយសារបរិភោគដូងអណ្តែតក្នុងសមុទ្រនិងយកចានត្រងទឹកភ្លៀង ទុកផឹកអំឡុងពេលដែលពួកគេរសាត់អណ្ដែតក្នុងទឹក ៣២ ថ្ងៃ។
កាសែត Solomon Star News បានចុះផ្សាយថា ក្រុមនេះបានចេញដំណើរពីខេត្តប៊ូហ្គេនវីល កាលថ្ងៃទី ២២ ខែធ្នូ ក្នុងបំណងប្រារព្ធអបអរបុណ្យណូអែលនៅលើកោះកាតេរ៉េត (Carteret Islands) ដែលមានចម្ងាយពីគ្នាប្រហែល ១០០ គីឡូម៉ែត្រ។
អ្នកនៅរស់រានម្នាក់ឈ្មោះ ដូមីនីក ស្តាលី (Dominic Stally) និយាយថា ប៉ុន្តែជាអកុសល ទូកតូចរបស់ពួកគេបានក្រឡាប់ ហើយមួយចំនួនក្នុងចំណោមពួកគេក៏បានលង់ទឹកស្លាប់។
អ្នកដែលនៅសេសសល់បានប្រឹងស្ដារទឹកចេញពីទូកវិញបាន ប៉ុន្តែម៉ាស៊ីនលែងដំណើរ ការ។ អ្នករួមដំណើរបានស្លាប់បន្ថែមទៀត នៅពេលពួកគេរសាត់ អណ្តែតលើផ្ទៃទឹកដ៏សែនដាច់ ស្រយាលតាមចរន្តទឹកហូរខ្លាំងនៃមហាសមុទ្រ។
លោកបានរៀបរាប់ថា “ដោយសារយើងជួយអ្វីមិនបានយើងមានតែទម្លាក់សាកសពចូល សមុទ្រប៉ុណ្ណោះ។ ប្តីប្រពន្ធពីរនាក់បានស្លាប់ចោលកូនតូច ហើយខ្ញុំជាអ្នកបីកូនតូចនោះ ហើយក្រោយមកកូនតូចនោះក៏ស្លាប់ដែរ”។
គាត់និយាយទៀតថា ទូកនេសាទមួយចំនួននៅក្បែរៗនោះបានបើកហួសដោយសារ មិនបានចាប់ឃើញនឹងពួកគេ ពោលគឺរហូតដល់ថ្ងៃដែលពួកគេត្រូវបានសង្គ្រោះនៅទីបំផុត កាលពីថ្ងៃទី២៣ ខែមករា នៅកោះញូវ កាឡេដូនៀ (New Caledonia) បន្ទាប់ពីរសាត់ចម្ងាយ ប្រហែល ២.០០០ គីឡូម៉ែត្រ។
កាសែត Solomon Star News បានចុះផ្សាយថា អ្នកនៅរស់រានមានជីវិតមានបុរស ២ នាក់ ស្រីម្នាក់ និងក្មេងស្រីម្នាក់អាយុប្រហែល ១២ ឆ្នាំ៕ ប្រែសម្រួលៈខុម

