ដោយ: សាវរក្ស + សម្បត្តិ / ភ្នំពេញ: នារីម្នាក់បានស្លាប់ បន្ទាប់ពីបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សពជនរងគ្រោះមានឈ្មោះ ហុង វ៉ានដូ អាយុ២៥ឆ្នាំ មុខរបររៀនសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ 6626 បើកតែម្នាកឯង។
តាមសម្តីប្អូនស្រីម្នាក់ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញនារីដ៏ស្រស់ស្អាតម្នាក់ បើករថយន្តម៉ាស្ដារ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនសួគ៌ាដឹកទៅសង្គ្រោះ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅជំនាញចរាចរក្រុង មកស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រោយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល/Ha