លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) អ្នកចាត់ការក្លឹបម៉េនឆេស្ទ័រ យូណាយធីតបានកោតសរសើរកីឡាករចំណូលថ្មី ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ដោយអះអាងថា កីឡាកររូបនេះមានការគិតគូររហ័សជាងកីឡាករផ្សេងទៀត។
ហ្វឺណានដេស ចាប់ផ្តើមកសាងជីវិតជាមួយក្រុមយូណាយធីតនៅសប្តាហ៍នេះអំឡុងពេល ហ្វឹកហាត់នៅ Marbella បន្ទាប់ពីបង្ហាញមុខជាលើកដំបូង អំឡុងប្រកួតស្មើជាមួយក្រុម Wolves ០-០ នៅក្របខណ្ឌព្រីមីញ៉េលីក។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះធ្វើបានល្អ អំឡុងពេលបង្ហាញមុខលើកដំបូងនៅពហុកីឡដ្ឋាន Old Trafford ហើយលោក សូលស្យែរ រំពឹងថា នឹងទទួលបានផ្លែផ្លាពីកីឡាករ ចំណូលថ្មីតម្លៃ៦៨លានផោនដែលមានភាពវាងវៃរូបនេះ។
លោក សូលស្យែរ បានប្រាប់គេហទំព័រផ្លូវការរបស់យូណាយធីតថា “ជារួម គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អ ហើយការគិតរបស់គាត់រហ័សជាងកីឡាករដទៃ។ យើងនឹងមានភាពស៊ាំ នឹងគាត់ ហើយគាត់នឹងមានភាពស៊ាំនឹងយើង”៕ ប្រែសម្រួល: ពិសិដ្ឋ