ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យ ដែលបាត់មុខមួយរយៈពេលវែងមកនោះ ឥឡូវ បានបង្ហាញមុខមកវិញហើយ ដោយណាត់
ប្រកួតជាមួយ អ្នកប្រដាល់ថៃ វ៉ាន ចាន់ណាសាក់ (Wan Chhansak) លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នាថ្ងៃទី១៥ កុម្ភៈ ខាងមុខនេះ។
គង់ ហ៊ូវ អតីតអ្នកប្រដាល់ ក្នុងសមាគមប្រដាល់ ក្រសួងការពារជាតិ ហើយការបាត់មុខ មួយរយៈនេះ គឺគេទៅហ្វឹកហាត់ នៅក្លិបគុហារព្រហ្មនា ខេត្តសៀមរាប ដោយសារតែហាក់ដូចជា មានជំនក់ចិត្តលើការប្រកួតយុទ្ធគុនចម្រុះ (Mixed Martial Art) ។ តែដោយសារតែការប្រកួតយុទ្ធគុនចម្រុះ មិនសូវមាន ទើបគេងាកមកប្រកួត ប្រដាល់គុនខ្មែរវិញ។

គេជាអ្នកប្រដាល់មួយរូប ដែលមិនសូវពូកែកណ្ដាប់ឡើយ ចំពោះការការពាររបស់គេ ក៏មិនសូវល្អដែរ តែស្នៀតទាត់របស់គេ ទាត់ចេញបានល្អ។ បើគូប្រកួតហ៊ានតែប្រហែសនោះ ប្រាកដជាសន្លប់ ដោយសារគេទាត់ត្រូវកញ្ចឹង ក ហើយ ។ គេជាអ្នកប្រដាល់ ដែលវ៉ៃកែងបានល្អតែ មុខគេជ្រាយណាស់ ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួត ចំនួន៥៧ដង ឈ្នះ៤៩ដង ចាញ់៦ដង និងស្មើពិន្ទុ២ដង ។
ចំពោះអ្នកប្រដាល់ថៃ វ៉ាន់ ចាន់ណាសាក់ វិញ នេះជាលើកទី១ ហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថា គេខ្លាំង ឬខ្សោយ កម្រិតណាឡើយ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួត ចំនួន៦៤ដង ឈ្នះ៥២ដង ចាញ់១០ដង និងស្មើពិន្ទុ២ដង ។ បន្ទាប់ពីបាត់មុខយូរ មិនដឹងថា គង់ ហ៊ូវ អាចប្រកួតយកឈ្នះ វ៉ាន់ ចាន់ណាសាក់ ឬទេ ក្នុងខណៈដែលអ្នកប្រដាល់ថៃ រូបនេះ ប្រកាសថា គេនឹងតស៊ូយកឈ្នះ គង់ ហ៊ូវ ឲ្យទាល់តែបាន ។

សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ ផេត កា (Phat Ka) ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។
ផេត កា ធ្លាប់មកប្រកួតនៅស្រុកខ្មែរ ជាញឹកញាប់មកហើយ ដោយការប្រកួតរបស់គេ មានឈ្នះ មានចាញ់ ។ សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ គឺជាអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ។ គេទើបតែខានមកប្រកួត នៅស្រុកខ្មែរ ប្រមាណជាមួយខែនេះទេ ។ កំពស់របស់គេ ស្ទើរជាង ប៊ុនធី បន្តិច ហេតុនេះ គេងាយនឹងរងគ្រោះ ដោយសារកែង និង ជង្គង់របស់ប៊ុនធី ណាស់។
សូត្រ ប៊ុនធី មានប្រវត្តិប្រកួត ចំនួន១១៧ដង ឈ្នះ៩០ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ ចំពោះអ្នកប្រដាល់ថៃ ផេត កា វិញ គេមានប្រវត្តិប្រកួត ចំនួន៧៧ដង ឈ្នះ៦៦ដង ចាញ់១១ដង ។ ជំនួបមួយនេះ មិនដឹងថា នរណាឈ្នះ នរណាចាញ់នោះឡើយ ?។

ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ ឌឹម សារិទ្ធ សមាគមប្រដាល់ ក្រសួងការពារ ជាតិ ប្រកួតជាមួយ អ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹងកីឡា ខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ ផាន់ សុផាត ក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូ ក្រាម។ សុខ សុវណ្ណ សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ នឹម នន ក្លិបទ័ពឆ័ត្រយោង ៩១១ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ៕v