ដោយ: ចាន់តូ / ភ្នំពេញ: រថយន្តរ៉រ៉ូយក្រពឹតទ្វារខាងស្តាំ បន្ទាប់ពីត្រូវបានរថយន្តកាមរីហាយប្រ៊ីតបុកពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០
តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

រថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY 1549 និងរថយន្តរ៉រ៉ូយ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឧកញ៉ាម្នាក់។
តាមប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកាមរី ហាយប្រ៊ីតបើក ដោយបុរសម្នាក់ និងរួមដំណើរដោយស្រីប្រុស៤នាក់ទៀត បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត រ៉រ៉ូយ បើកតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងមកត្បូងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្ត រ៉រ៉ូយក្រពឹតទ្វារខាងស្តាំ យ៉ាងដំណំ ចំណែកឯរថយន្តហាយប្រ៊ីតរងការខូចខាតផ្នែកខាងមុខក្រពឹតបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ល/Ha