ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ស្ពានស្រែជាឃុំចុងក្រោយនៃស្រុកភ្នំស្រុក ដែលទើបបានដំណើរការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល និងសាលាឃុំ ដើម្បីធ្វើឲ្យងាយស្រួលដល់ការផ្តល់សេវាសន្តិសុខ សុវត្ថិភាពនិងរដ្ឋបាលមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកឲ្យដឹងកាលពីថ្ងៃទី១២ចែកុម្ភៈថា ៖ ឃុំពន្លៃ ប៉ោយចារ ស្រះជីក ភ្នំដីនិងណាំតៅនៃស្រុកនេះបានសាងសង់និងដាក់អោយប្រើប្រាសរួចហើយអគារនគរបាលរដ្ឋបាលប៉ុស្តិ៍។ ហើយក៏មាននិងកំពុងសាងសង់ទាំងអគារសាលាឃុំថ្មីផង។
នៅឡើយតែតែឃុំស្ពានស្រែង ជាឃុំចុងក្រោយគេ ដែលឥឡូវនេះទើបបាននឹងកំពុងកៀងគរថវិកា សម្ភារៈ ដើម្បីសាងសង់អគារប៉ុស្ត៍នគរបាលរដ្ឋបាល ដែលស្ថិតត្រង់ត្រពាំងយាយវ៉ា លើដីបរិវេណទំហំ២៥មគុណ៥០ម និងចាក់បំពេញដីក្នុងជម្រៅ៣,៥ម៉ែត្រ ជាដីរដ្ឋជាប់ទំនប់អាងធារាសាស្ត្រស្ពានស្រែង នៅភូមិរោគឃុំស្ពានស្រែងស្រុកភ្នំស្រុក។
លោកអធិការបាននិយាយបន្តថា ៖ លទ្ធភាពដែលកសាងប៉ុស្តិ៍នេះបាន ដោយសាររដ្ឋបាលឃុំនិងពលរដ្ឋបានប្រគល់ដីរដ្ឋឲ្យ ហើយក្រុមការងារនិងសប្បុរសជនអាចចាក់ដីបំពេញត្រពាំង គឺទទួលបានជំនួយផ្នែកគំនិតផ្តួចផ្តើម ថវិកាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងសប្បុរសជនមួយចំនួនទៀត រួមទាំងមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ។
ទោះយ៉ាងណា លោកសូមអំពាវនាវអោយសប្បុរសជនជួយបន្ថែមទៀត ព្រោះទើបបានមួយចំនួនប៉ុណ្ណោះ។
សូមរំលឹកថា តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានស្រែងមានមេប៉ុស្តិ៍តែ៥នាក់ ព្រោះពុំសូវនរណាចង់ធ្វើឡើយនាឃុំដ៏ដាច់ស្រយាលនោះ។ ម្យ៉ាងកន្លែងធ្វើការក៏លើកកញ្ជើដាក់ម្តងនៅផ្ទះឬខ្ទមអ្នកស្រុកនោះ ម្តង់នៅត្រង់នះ៕ ល