ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ: មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយមន្ត្រីថ្នាក់ដឹកនាំពីថ្នាក់ជាតិ កងកម្លាំងពាក់ព័ន្ធរៀបចំកិច្ចប្រជុំការងារត្រៀមបដិសណ្ឋារកិច្ច និងការពារសន្តិសុខជូននាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ បន្ទាយមានជ័យ-ឧត្តរមានជ័យ នាថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ ខាងមុខ។
លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក រដ្ឋលេខាធិការ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នឹងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាល អភិបាលរង ក្រុងស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ។
លោកយូ ស៊ុនឡុង ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក វរៈសេនាតូច៨៩១ បាននិយាយថា ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ផ្លូវជាតិលេខ៥៨ ខេត្តបន្ទាយមានជ័យ -ខេត្តឧត្តរមានជ័យនោះ។ ហេតុនេះលោកលោកស្រីអ្នកពាក់ព័ន្ធត្រូវត្រៀមលក្ខណៈបំពេញការងារតាមមុខនាទីរបស់ខ្លួនអោយបានល្អ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ សាងសង់ឡើងក្រោមប្រាក់ហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង១២២លានដុល្លារសរអា។
ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រលេខ ១០១+៥០០ ក្រុងសំរោងខេត្តឧត្តរមានជ័យ។
គម្រោងផ្លូវនេះ បានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥មក។ ផ្លូវនេះបានសាងសង់ប្របតាមបណ្តោយ និងកៀកបំផុតនឹងព្រំដែនកម្ពុជា ថៃ រួមទាំងសណ្តូកស្របនឹងជួរភ្នំដងរ៉ែក ហើយកាត់តាមអតីតជំរំជនភៀសខ្លួន ចម្ការមីន សមរភូមិនិងទីលានសង្គ្រាម ដែលឡូវជាតំបន់អភិវឌ្ឍន៍ដ៏ស្រស់បំព្រងមានភូមិសង្កាត់ឃុំនៃស្រុកក្រុង៤ក្នុងខេត្តបន្ទាយមានជ័យនិង២ស្រុកក្រុងក្នុងខេត្តឧត្តរមានជ័យ។
ផ្លូវជាតិលេខ៥៨មានខ្នែងភ្ជាប់ទៅច្រកព្រំដែនកម្ពុជា ថៃ យ៉ាងតិច៨ច្រក ហើយភ្ជាប់មកភូមិសាស្ត្រក្នុងប្រទេសជាមួយផ្លូវជាតិលេខ៥ លេខ៥៦ លេខ៦៨និងផ្លូវខេត្ត ផ្លូវយុទ្ឌសាស្ត្រ ផ្លូវលំជនបទ រាប់សិបខ្សែទៀត៕ ល