នាយកដ្ឋានព័ត៌មាននិងទូរគមនាគមន៍ក្រុងហូជីមីញកាលពីថ្ងៃពុធទី១២កុម្ភៈបានប្រកាសដាក់ពិន័យលើតារាបីនាក់ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីកូរ៉ូណាវីរុស។
ង៉ូ ថាញ់ វ៉ាន់ ,កាត់ ភឿង និងដាម វិញ ហ៊ុងត្រូវបានបញ្ជាអោយបង់ប្រាក់ពិន័យម្នាក់ៗ១៥លានដុង(៦៥០ដុល្លារ) ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទោះជាពួកគេបានសុំទោសនិងបង្ហាញការស្តាយក្រោយក្តី។
នាយកដ្ឋានបាននិយាយថា «ទង្វើរបស់ពួកគេប៉ះពាល់សណ្តាប់ធ្នាប់សង្គម» តែត្រូវបានដាក់ទោសស្រាលដោយសារតែពួកគេខ្វះកាតអត់ធ្មត់មិនបានបញ្ជាក់ព័ត៌មានពិតឬមិនពិតនិងបានលុបចេញព័ត៌មានក្លែងក្លាយនោះបានលឿន។
សូមរំលឹកថា កាលពីថ្ងៃ៣១មករា ង៉ូ ថាញ់ វ៉ាន់ដែលជាផលិករនិងជាសិល្បការិនីល្បីម្នាក់ បាននិយាយថាជើងហោះហើរពីទីក្រុងវូហាន ប្រទេសចិនមកកាន់វៀតណាមត្រូវបានលុបចោលទាំងអស់ចាប់ពីថ្ងៃ២៩មករាមក។ការបង្ហោះខុសនេះ ក្រោយមកត្រូវបានលុបចេញនិងវ៉ាន់បានសុំទោស។
មុននេះកាលពីថ្ងៃ២៦មករា ដាម វិញ ហ៊ុង បានធ្វើអោយសហគមន៍បណ្តាញសង្គមមានការភ្ញាក់ផ្អើលដោយសារបានសរសេរបង្ហោះថា ជនជាតិចិន២នាក់ឆ្លងវីរុសនិងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យចូរី ក្រុងហូជីមីញ ។គាត់បានដកសារនោះចេញនិងក៏បានសុំទោសទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមវៀតណាម។
ចំណែកសិល្បការិនី កាត ភឿង ក៏បានសុំទោសចំពោះអ្នកគាំទ្រក្នុងហ្វេសប៊ុក ចំពោះការនិយាយរបស់នាងថា ជម្ងឺឆ្លងនេះបានរាលដាលដល់សង្កាត់ទី១នៃទីក្រុងហូជីមីញហើយនឹងឆ្លងទៅកាន់សង្កាត់ផ្សេងទៀត។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃអង្គារ វៀតណាមបានរកឃើញអ្នកឆ្លងកូរ៉ូណាវីរុស១៥ករណី តែ៧នាក់បានជានិងចេញពីមន្ទីរពេទ្យ៕ប្រែសម្រួល៖វាសនា

ង៉ូ ថាញ់ វ៉ាន់ ,កាត់ ភឿង និងដាម វិញ ហ៊ុង(ពីឆ្វេងមកស្តាំ) បានបង្ហាញការស្តាយក្រោយចំពោះការបង្ហោះព័ត៌មានក្លែងក្លាយអំពីកូរ៉ូណាវីរុស