មន្ត្រីចិនម្នាក់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា វីរុសកូរ៉ូណាដ៏ប្រល័យ ដែលសម្លាប់មនុស្សជាង ១.៣០០ នាក់ អាចគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ។

វីរុសកូរ៉ូណា ដែលមានប្រភពដើមចេញពីទីក្រុងវូហានប្រទេសចិន ឥឡូវបានរាលដាលដល់ប្រទេស ២៨ នៅលើពិភពលោក ខណៈជាង ៤០.០០០ នាក់បានឆ្លងវីរុស។

អ្នកជំនាញវេជ្ជសាស្ត្រជាច្រើនសង្ស័យថា វីរុសនេះប្រហែលឆ្លងមកមនុស្សពីសត្វប្រចៀវ ពស់ ឬ សូម្បីសត្វពង្រូល។

ដោយមិនទាន់ដឹងប្រភពច្បាស់លាស់នៃវីរុសនេះនៅឡើយ ស្រាប់តែមានការសង្ស័យថ្មីៗថា វីរុសនេះអាចបង្កើតឡើងដោយមនុស្ស។

ព្រឹទ្ធសមាជិកសភាអាម៉េរិក លោក ថម ខុតតុន មកពីគណៈកម្មាធិការស៊ើបការណ៍សម្ងាត់និងទីភ្នាក់ងារប្រដាប់អាវុធ បានលើកឡើងថា វីរុសកូរ៉ូណាអាចចេញមកពីកម្មវិធីសព្វាវុធជីវសាស្ត្ររបស់ចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាម៉េរិកលោក ឃុយ ធៀនកាយ បានប្រតិកម្មតបវិញ និង ទទូចថា វាជារឿងឆ្កួតសុទ្ធសាធដែលជឿថា ចិនជាអ្នកនៅពីក្រោយមេរោគឆ្លងរាតត្បាតនេះ។

លោកទូតចិននិយាយថា វាគ្រោះថ្នាក់ខ្លាំងណាស់ដែលបង្កឱ្យមានការសង្ស័យបែបនេះ និង ព្រមានថា វាអាចនាំឱ្យមានការរើសអើងជាតិសាសន៍ និង ការស្អប់ខ្ពើមជនបរទេស។

លោកធៀនកាយបានប្រាប់ទូរទស្សន៍អាម៉េរិក CBS ថា “ខ្ញុំគិតថា វាជាការពិត ដែលអ្វីៗគេនៅមិនទាន់ដឹងនៅឡើយទេ ហើយអ្នកវិទ្យាសាស្ត្រចិនរបស់យើង អ្នកវិទ្យាសាស្ត្រអាម៉េរិក និងអ្នកវិទ្យាសាស្ត្រប្រទេសដទៃទៀតកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសិក្សាឱ្យដឹងពីប្រភពរបស់វីរុស។ វាពិតជាគ្រោះថ្នាក់ណាស់ដែលបង្កឱ្យមានការសង្ស័យ ពាក្យចចាមអារ៉ាម និងចែកចាយពាក្យចចាមអារ៉ាមក្នុងចំណោមមនុស្ស”។

លោកបន្តថា “រឿងមួយគឺថា វានឹងបង្កើតការភ័យស្លន់ស្លោ។ រឿងមួយទៀតគឺថាវានឹងបង្កើនការរើសអើងជាតិសាសន៍ ការស្អប់ជនបរទេស ដែលរាល់រឿងទាំងអស់នេះនឹងប៉ះពាល់ដល់ការប្រឹងប្រែងរួមគ្នារបស់យើងដើម្បីកម្ចាត់វីរុស។ ពិតណាស់ ច្បាស់ជាមានរាល់ពាក្យចចាមអារ៉ាមនិងការសង្ស័យផ្សេងៗ។ មានមនុស្សខ្លះនិយាយថាវីរុសនេះគឺចេញពីមន្ទីរពិសោធន៍អាវុធយោធា មិនមែននៅចិនទេ ប្រហែលនៅអាម៉េរិក។ តើឱ្យពួកយើងជឿរឿងឆ្កួតៗបែបនេះយ៉ាងម៉េចទៅ?”។

លោកធៀនកាយទទូចថាការស្រាវជ្រាវចង្អុលបង្ហាញថា វីរុសកូរ៉ូណាអាចមានប្រភពចេញពីសត្វ។ លោកបានបន្ថែមថា “យើងនៅមិនទាន់ដឹងនៅឡើយទេ។ យោងតាមការស្រាវជ្រាវវាប្រហែលមានប្រភពចេញមកពីសត្វមួយចំនួន។ ប៉ុន្តែយើងត្រូវតែរកឱ្យឃើញច្រើនថែមទៀតអំពីវា”៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាសម្លាប់មនុស្សជាង១.៣០០នាក់ហើយ